សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ៦ចំណុច ដើម្បីជំរុញលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបតម្រូវការទីផ្សារការងារ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធចំនួន៦ចំណុចធំៗ ក្នុងឱកាសទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»។
ការអំពាវនាវនេះ ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបតម្រូវការទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេស។
តាមសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា សម្ដេចសូមយកឱកាសនេះ អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធសូមចូលរួម៖
១៖ បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ ក្នុងការបន្តការអភិវឌ្ឍ មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារដែលមានស្រាប់សំដៅ បន្តទៅការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។
២៖ បន្តគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែង សម្រាប់ការងារពេញមួយជីវិត។
៣៖ បន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឲ្យមានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ ដូចដែលប្រធានបទ ទិវាជាតិនេះ បានលើកឡើងថា «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»។
៤៖ បន្តចាក់វ៉ាក់សាំងដូសជំរុញ (ទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ គ្រប់ប្រភេទ។
៥៖ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹងនូវសារៈសំខាន់នៃវិស័យនេះ ជូនសាធារណជន។
៦៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាមសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និង
ភាពប្រកួតប្រជែងខ្ពស់» នេះ ឲ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេស តាមប្រព័ន្ធផ្សព្វផ្សាយនានា។
សូមបញ្ជាក់ថា ទិវាជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងស្រុក និងក្រៅប្រទេស។
សូមជម្រាបថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥នេះ រៀបចំធ្វើឡើង នៅអគារពិព័រណ៌ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដោយបើកឲ្យចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ៕
No comments