អភិបាលខេត្តកំពង់ធំ ជំរុញឱ្យសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសង និងបទល្មើសផ្សេងៗក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងចុះពិនិត្យជាក់ស្តែង លើទីតាំងណាដែលសង្ស័យមានបង្កប់លេងល្បែងស៊ីសង ដើម្បីធានាមិនឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
ការជំរុញបែបនេះ របស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីអភិបាលរងខេត្ត ព្រះរាជអាជ្ញា ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទផងដែរ។
ឯកឧត្តម ងួន រតនៈ ក៏បានក្រើនរំលឹកដល់កងកម្លាំងសមត្ថកិច្ច ឱ្យបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
បន្ថែមពីនេះ ឯកឧត្តមបានជំរុញអាជ្ញាធរ កងកម្លាំងត្រូវធ្វើការគ្រប់គ្រង តាមដានត្រួតពិនិត្យជាប្រព័ន្ធដើម្បីធានាថាទីតាំងមុខ និងសញ្ញា ដែលប្រព្រឹត្តបទល្មើសល្បែងភ្នាល់អនឡាញខុសច្បាប់មិនឱ្យកើតមាន សារជាថ្មី ឬលួចលាក់លេងថ្មីៗបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់អាជ្ញាធរ ត្រូវរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងជំរុញការងារអធិការកិច្ចអត្ថពលកម្មបរទេសជាប្រព័ន្ធ លើទីតាំងអាជីវកម្មដែលប្រើប្រាស់ពលកម្មបរទេស ប្រមូលផ្តុំចុះធ្វើអធិការកិច្ចនៅតាមទីតាំងអាជីវកម្ម ដែលមានការសង្ស័យមានការលួចលាក់ប្រើប្រាស់ពលកម្មបរទេសសំដៅរកឱ្យឃើញនូវជនបរទេសដែលបានបោកបញ្ឆោតមកធ្វើការមិនស្របច្បាប់ដើម្បី ចាត់វិធានការច្បាប់ឱ្យបានទាន់ពេលវេលា និងទប់ស្កាត់កុំឱ្យមានការបោកបញ្ឆោតពលករបរទេសទាំងនោះមកធ្វើការខុសច្បាប់ពីកន្លែងមួយ ទៅកន្លែងមួយ ក៏ដូចជាទប់ស្កាត់បទល្មើសនានាប្រព្រឹត្តដោយពលករបរទេស ដែលបណ្តាលមកពីខ្វះខាតជីវភាពរស់នៅ ត្រូវត្រួតពិនិត្យជនបរទេសចាត់វិធានការច្បាប់ចំពោះជនបរទេសស្នាក់នៅមិនស្របច្បាប់។
ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសអ្នកដែលមានគោយន្តកន្ត្រៃសូមមេត្តាបិទចំណាំងផ្លាត ឬក៏ផ្អាកការធ្វើដំណើរពេលយប់ ដើម្បីជៀសវាងបង្កមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ។ ម្យ៉ាងវិញទៀត ត្រូវធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងសិប្បកម្មកែច្នៃរថយន្តខុសបច្ចេកទេស បើពិនិត្យឃើញថាសិប្បកម្មនោះមានការកែច្នៃតទ្រុងរថយន្តមានលក្ខណៈខុសបច្ចេកទេសត្រូវបិទទាំងស្រុង៕
No comments