ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន

ដោយ :http://www.funan-postnewstvonline.com/


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន

(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងនូវកាតព្វកិច្ចរបស់កងទ័ព គឺបន្ដប្រុងប្រៀបត្រៀមលក្ខណៈធានា អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីធានាការពារសន្តិភាព និរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអះអាងទៀតថា អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់កម្ពុជា គឺកងយោធពលខេមរភូមិន្ទ ក្នុងនាមជាកម្លាំងរបស់ជាតិ និងប្រជាជន មានកាតព្វកិច្ច រក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមានភាពដាច់ខាត ក្នុងការធានាការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងឱកាសនោះ លោកក៏បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានាជាច្រើន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនសាលាពលទាហានទី៥ ដែលកន្លងមកនេះសម្រេចបាននូវសមិទ្ធផលការងារគួរជាទីមោទនៈ តាមរយៈតួនាទីស្នូលដ៏សំខាន់ក្នុងនាមជាថ្នាលហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញទ័ពថ្មើរជើង សម្រាប់យោធិនទូទាំង យោធភូមិភាគទី៥ ចាប់តាំងពីដំណាក់កាលដំបូង នៃបង្កើតយោធភូមិភាគនេះ នៅចុងទសវត្សរ៍ឆ្នាំ៨០។

លោកបានសង្កត់ធ្ងន់ទៀតថា ការហ្វឹកហ្វឺន គឺជាមធ្យោបាយគន្លឹះនៃការធានាសមត្ថភាពកងទ័ព និងនិរន្តភាពនៃកិច្ចការពារជាតិ។ ក្នុងន័យនេះ សាលាហ្វឹកហ្វឺន គឺជាកន្លែងដ៏មានសារៈសំខាន់សម្រាប់បណ្តុះបណ្តាលយោធិន នៃកងយោធពលខេមរភូមិន្ទ ឲ្យមានឆន្ទៈស្មោះត្រង់មោះមុតដាច់ខាត ស្មារតីប្រយុទ្ធរឹងមាំ ទឹកចិត្តតស៊ូក្លាហាន និងប្រកបដោយជំនាញច្បាស់លាស់ តាមរយៈការអភិរក្សផ្នែកស្មារតី និងការធ្វើទំនើបកម្មផ្នែកសម្ភារ ដើម្បីបម្រើឲ្យបុព្វហេតុការពារជាតិ និងប្រជាជន ពីមួយជំនាន់ទៅមួយជំនាន់។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរជាមួយនាយទាហាន ដែលទទួលបានការទុកចិត្តពីព្រះមហាក្សត្រ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងថ្មីក្នុងជួរថ្នាក់ដឹកនាំសាលាពលទាហានទី៥ ដែលស័ក្តិសមទៅនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក ហើយក៏ជាការផ្តល់នូវទំនុកចិត្ត និងឱកាសក្នុងការចូលរួមដឹកនាំពង្រឹងយោធភូមិភាគទី៥ និងសាលាពលទាហានទី៥ តទៅខាងមុខទៀត។

ផ្តើមចេញពីមូលដ្ឋាននេះ សូមនាយក នាយករង ជាថ្នាក់ដឹកនាំសាលា ខិតខំបំពេញភារកិច្ច៣ សំខាន់៖ ទី១៖ ថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកឲ្យ, ទី២៖ កសាង និងពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតលើគ្រប់វិស័យ ជាមួយនឹងការធ្វើទំនើបកម្មឥតឈប់ឈរទាំងលើកត្តាមនុស្ស និងកត្តាសម្ភារ និងទី៣៖ ខិតខំរៀបចំមូលដ្ឋានសម្រាប់កម្លាំងបន្តវេន៕


No comments