សៀវភៅ កម្ពុជាសម័យតេជោ វគ្គ ១១« ការរីកចម្រើន ផ្នែកប្រព័នន្ធបច្ចេកវិជ្ជា »
ភ្នំពេញ: ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើងដើម្បីបង្ហាញទៅដល់មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលត្រូវចាប់អារម្មណ៍កោតសរសើរ និងកត់ត្រាទុក។
ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពីដំណើរជីវិតរបស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។ ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬនយោបាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជាឯកសារជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុងការសិក្សាឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងផ្ទៃប្រទេសចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា សម័យតេជោ»។
សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។ វគ្គ ១១« ការរីកចម្រើន ផ្នែកប្រព័នន្ធបច្ចេកវិជ្ជា »ទោះបីកម្ពុជា ត្រូវបានវាយតម្លៃ ពេលខ្លះដោយអយុត្តិធម៌ថា ជាប្រទេសមិនទាន់ជឿនលឿន មិនស៊ីវិល័យ ប៉ុន្តែ តាមភាពជាក់ស្តែង ចាប់ពីក្រោយសង្រ្គាមត្រូវបានបញ្ចប់ ការអភិវឌ្ឍប្រទេស ធ្វើឱ្យមើលឃើញថា មានសន្ទុះលឿនទៅមុខគួរឱ្យកត់សម្គាល់។
សូម្បីតែការប្រើប្រាស់បច្ចេកវិជ្ជាពិភពលោកសម័យថ្មី។ ក្រោយពីទទួលបាននូវសុខសន្តិភាព១០ឆ្នាំ កម្ពុជា ត្រូវបានវាយតម្លៃថា មានសន្ទុះប្រកួតប្រជែង ខ្លាំងក្លាក្នុងការប្រើប្រាស់សេវាទូរសព្ទដៃទំនើបៗ។
លោក Gary Foo ប្រធានគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន Axiata Group របស់ប្រទេសម៉ាឡេស៊ីដែលគ្រប់គ្រងប្រព័ន្ធទូរសព្ទចល័ត Hello ០១៥ និង០១៦ បានប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិកថា ចាប់តាំងពីក្រុមហ៊ុនរបស់លោកបើកប្រតិបត្តិការនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩៦មក ក្រុមហ៊ុនមិនធ្លាប់ជួបប្រទះការប្រកួតប្រជែងដ៏ខ្លាំងក្លាដូចពេលបច្ចុប្បន្នទេ។ នេះជាការប្រណាំងប្រជែង ដែលកើតចេញពីវត្តមានក្រុមហ៊ុនទើបបង្កើតថ្មីជាច្រើន។
លោក Gary Foo អះអាងថា វាបានក្លាយជាការប្រកួតប្រជែងមួយដ៏ខ្លាំងក្លា ហើយទីនេះ ជាទីផ្សារប្រកួតប្រជែងបំផុតមួយនៅក្នុងពិភពលោក។ នៅមុនឆ្នាំ២០០៨ នៅកម្ពុជា មានក្រុមហ៊ុនបម្រើសេវាកម្មទូរសព្ទចល័តតែ៤ប៉ុណ្ណោះ រួមមានសេវាទូរសព្ទចល័ត Mobitel របស់ក្រុមហ៊ុនខ្មែរRoyal Group សេវាទូរសព្ទចល័ត Mfrone របស់ក្រុមហ៊ុនថៃ Shin Satellite and Asia Mobile Holding ទូរសព្ទនៃប្រពន្ធ Hello របស់ក្រុមហ៊ុនម៉ាឡេស៊ី Axiata Group Berhad និងសេវាទូរសព្ទ Star Cell នៃក្រុមហ៊ុន Applifoneរបស់ខ្មែរ។ ប៉ុន្តែ នៅឆ្នាំ២០០៩ មានក្រុមហ៊ុនទូរសព្ទ៥ថ្មីទៀតបាន បោះទុនវិនិយោគនៅស្រុកខ្មែរ ក្នុងនោះមានសេវាកម្មទូរសព្ទចល័ត Cube០១៣ នៃក្រុមហ៊ុនCambodia Advance Communication សហការវិនិយោគដោយអ៊ីស្រាអែលនិងខ្មែរ Excell ០១៨ នៃក្រុមហ៊ុនខ្មែរ GT-TELL សេវាទូរសព្ទចល័ត Metfone ០៩៧របស់ក្រុមហ៊ុនវៀតណាម ViettleSmart Mobile របស់ក្រុមហ៊ុន Latelz និងBeeline០៩០ របស់ក្រុមហ៊ុនរុស្ស៊ីVimpelCom។
ឆ្នាំ២០០៩ ក្រុមហ៊ុនផ្តល់សេវាកម្មទូរសព្ទចល័តនៅកម្ពុជាមានសរុបទាំងអស់៩ ធ្វើឱ្យកម្ពុជាដែលមានប្រជាជនសរុបត្រឹមតែ១៤លាននាក់ ក្លាយជាប្រទេសមួយ ដែលមានក្រុមហ៊ុនទូរសព្ទច្រើនជាងគេបំផុតមួយក្នុងពិភពលោក។ មកដល់ឆ្នាំ២០២៣ ក្រុមហ៊ុនបម្រើសេវាកម្មទូរសព្ទចល័ត បានកាត់បន្ថយមកនៅត្រឹម៤ ប៉ុណ្ណោះ គឺក្រុមហ៊ុន សេលខាត ស្មាត ម៉ិតហ្វូន និងស៊ីថែល។
ការប្រកួតប្រជែង ផ្នែកសេវាកម្មទូរសព្ទចល័ត និងអ៊ីនធឺណែត ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេស ដែលជំរុញលើកទឹកចិត្ត ប្រជាជនឱ្យប្រើប្រាស់ការទូទាត់ប្រាក់តាមអនឡាញយ៉ាងមានប្រសិទ្ធភាព។
តាមកំណត់ត្រា ធនាគារជាតិ នៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធផាត់ទាត់ជាតិ ដែលត្រូវបានប្រើប្រាស់ ដើម្បីទូទាត់មូលប្បទានបត្រ និងបញ្ជាទូរទាត់ជាអេឡិចត្រូនិក ដែលជាប្រព័ន្ធដែលឆាប់រហ័ស និងងាយស្រួលនេះ តាំងពីចុងឆ្នាំ២០១២ ហើយមានការប្រើប្រាស់ការទូទាត់បែបឌីជីថលយ៉ាងពេញនិយមនៅពីឆ្នាំ២០១៥រហូតមក។
តាមការអះអាងរបស់ រដ្ឋមន្រ្តី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា សេវា នៃការប្រើប្រាស់អ៊ីនធឺណែត នៅកម្ពុជា មានតម្លៃថោកជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។
គេហទំព័រធនាគារជាតិ នៃកម្ពុជា (nbc.org.kh/payment)បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃទីផ្សារធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ជាច្រើនដំណាក់កាល គឺនៅខែកញ្ញា ឆ្នាំ២០០៨ ធនាគារជាតិ នៃកម្ពុជា បានចេញផ្សាយប្រកាសស្តីពីមូលប្បទានបត្រស្តង់ដា ដើម្បីឱ្យមូលប្បទានបត្រទាំងអស់ ដែលប្រើប្រាស់ក្នុងប្រព័ន្ធធនាគារមានលក្ខណៈស្តង់ដារួមមួយ ធានាឱ្យការទូទាត់ និងផាត់ទាត់អន្តរធនាគារប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
ឆ្នាំ២០០៩ ប្រព័ន្ធផាត់ទាត់ជាតិបណ្តោះអាសន្ន (Interim Solution) សម្រាប់សភាផាត់ទាត់ជាតិ ត្រូវបានដាក់ឱ្យប្រើ ដើម្បីសម្រួលការបញ្ជូនទិន្នន័យឱ្យបានកាន់តែឆាប់រហ័ស និងមានសុវត្ថិភាព។ លើសពីនេះ មធ្យោបាយនេះក៏បានផ្តល់ នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ធនាគារជាសមាជិកសភាផាត់ទាត់ទាំងអស់ ដោយពួកគេអាចទាញយកទិន្នន័យអេឡិចត្រូនិក (electronic output file) ពីប្រព័ន្ធនៅក្នុងថ្ងៃនោះដោយមិនចាំបាច់វាយបញ្ចូលព័ត៌មានសាឡើងវិញ។
នៅចុងឆ្នាំ ២០១២ ធនាគារជាតិ នៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើ នូវប្រព័ន្ធផាត់ទាត់ជាតិ ដែលត្រូវបានប្រើប្រាស់ដើម្បីទូទាត់មូលប្បទានបត្រនិងបញ្ជា ទូទាត់ជាអេឡិចត្រូនិកបានកាន់តែឆាប់រហ័ស និងងាយស្រួល។ បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជាកំពុងសិក្សាលើការអភិវឌ្ឍប្រព័ន្ធ National Shared Switch ដែលជាប្រព័ន្ធរួមបញ្ចូលគ្នាមួយដើម្បីសម្រួលដល់ការទូទាត់ សងប្រាក់ជាអេឡិចត្រូនិក ដូចជា ការដកសាច់ប្រាក់តាមរយៈម៉ាស៊ីន ATM, ការទូទាត់សងប្រាក់ដោយម៉ាស៊ីន POS និងការទូទាត់សងប្រាក់ចល័តនិងតាមរយៈអ៊ីនធឺណែត ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃសេវាទូទាត់សងប្រាក់ និងឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើសមាហរណកម្មហិរញ្ញវត្ថុអាស៊ាននៅឆ្នាំ២០១៥។
សម្រាប់ទិសដៅនាពេលអនាគត ប្រព័ន្ធទូទាត់ដុលភ្លាមៗ(RTGS) នឹងអាចត្រូវបានបង្កើតឡើងក្នុងរយៈពេលវែងនៅពេលដែលមានតម្រូវការទីផ្សារ។ បច្ចុប្បន្ន ទូរសព្ទដៃ ឬទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ បានក្លាយជាកាបូបលុយ ជំនួសឱ្យការប្រើកាបូបលុយ។ ពួកគេអាចទូទាត់ទំនិញ បានយ៉ាងងាយ។
ក្រៅពីនេះ មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន ក៏អាចបើកប្រាក់ខែ ទិញស្លាកលេខរថយន្ត ឬចុះបញ្ជីនានាតាមប្រព័ន្ធអនឡាញ ជាពិសេស ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ប្រជាជនកម្ពុជា អាចធ្វើការ អាចសិក្សារៀនសូត្រ តាមប្រព័ន្ធអ៊ីនធឺណែតបានដូចបណ្តាប្រទេសជឿនលឿនផ្សេងៗបាន។ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២ ការប្រើប្រាស់សេវាទូរទាត់តាមបណ្តាញអ៊ីនធឺណែត មានការកើនឡើងគួរឱ្យកត់សម្គាល់។
យោងលើលទ្ធផលស្រាវជ្រាវរបស់ Consumer Payment Attitudes 2021 Visa កាលពីថ្ងៃទី២៩ ខែមិថុនា បានបង្ហាញថា មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងការទូទាត់ប្រាក់នៅកម្ពុជា ដោយការទូរទាត់ជាសាច់ប្រាក់មានកាន់តែតិចទៅបើធៀបទៅនឹងជម្រើសឌីជីថល ។ គឺ១៤% នៃអ្នកប្រើប្រាស់នៅអាស៊ីអាគ្នេយ៍ មិនប្រើប្រាស់សាច់ប្រាក់ឡើយ ហើយការណ៍នេះ ត្រូវបានគេមើលឃើញថា អ្នកប្រើប្រាស់នៅកម្ពុជា ប្រមាណ៣៦% ដោយ កាបូបអេឡិចត្រូនិច និងកាតអេធីអឹម បានមានវត្តមានយ៉ាងលេចធ្លោនៅលើទីផ្សារ។ ការស្រាវជ្រាវបង្ហាញទៀតថា បច្ចុប្បន្ន ការទូរទាត់ឌីជីថល ត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជាប្រហែល៤នាក់ក្នុងចំណោម១០នាក់ ហើយ១៤% នៃប្រជាជនកម្ពុជា មានទាំងកាបូបអេឡិចត្រូនិក និងកាត។
ក្រៅពីនេះ កម្ពុជា ក៏ជាប្រទេស ដែលប្រើប្រាស់ឃ្យូអរកូដ(QR CODE) លើស្លាកលេខយានយន្ត ដំបូងគេលើលោកផងដែរ ។ លោក ហ៊ាង សុន្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ស្លាកលេខដែលមាន QR Code នេះ អាចឱ្យម្ចាស់យានយន្តផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជាម្ចាស់កម្មសិទ្ធិ និងចៀសផុតពីការក្លែងបន្លំបាន ។
ការប្រើប្រាស់បច្ចេកវិទ្យា QR Code នៅលើស្លាកលេខយានយន្ត គឺផ្តល់ផលប្រយោជន៍ទៅដល់អ្នកប្រើប្រាស់រថយន្ត និងម៉ូតូ ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវទៅលើរថយន្ត និងម៉ូតូ កាត់បន្ថយការព្រួយបារម្ភរបស់ប្រជាពលរដ្ឋពីការលួចស្លាកលេខ និងផ្តល់ភាពងាយស្រួលដល់មន្ត្រីនគរបាល ក្នុងការផ្ទៀងផ្ទាត់ពេលមានបញ្ហាអ្វីមួយកើតឡើង។ ជាងនេះទៅទៀត នឹងជួយឱ្យសមត្ថកិច្ចងាយស្រួលផ្ទៀងផ្ទាត់ ព្រោះអ្នកខ្លះមានម៉ូតូថ្លៃ នាំមកគេចពន្ធ គ្មានស្លាកលេខ បែរទៅយកស្លាកលេខម៉ូតូទើបតែបានចុះបញ្ជី ដែលមានម៉ាកខុសគ្នាមកប្រើប្រាស់ជាដើម៕ ដោយ៖ គង់ សិរីរ័ត្ន
No comments