ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចដោះស្រាយបញ្ហាប្រឈម សំណូមពរ និងទិសដៅសកម្មភាពការងារ

ដោយ :http://www.funan-postnewstvonline.com/

 


ភ្នំពេញ: ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២  ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្តោតជាសំខាន់លើការប្រកាសសុពលភាពមន្ត្រីរាជការទើបតែងតាំង និងការផ្ទេរភារកិច្ចថ្មី វឌ្ឍនភាពការងារសំខាន់ៗ ទាក់ទងនឹងការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួង ការពិនិត្យសម្រេចដោះស្រាយបញ្ហាប្រឈម សំណូមពរ និងទិសដៅសកម្មភាពការងារបន្ត ដែលលើកឡើងដោយ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង កាលពីថ្ងៃ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ ជំរុញលើកទឹកចិត្តដល់មន្ត្រីដែលទើបបានតែងតាំងថ្មីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និងប្រកបដោយភាពទទួលខុសត្រូវ នៅតាមមុខតំណែងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ដល់ក្រសួង និង ប្រទេសជាតិ ។ ឯកឧត្តមក៏បានលើកឡើងផងដែរ អំពីគម្រោងសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈថ្មី ជាមណ្ឌលទី៦ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីបង្ខិតសេវាឱ្យទៅកៀកនឹងប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រង តាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាព នៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។ ជាមួយគ្នានេះក្រសួងក៏នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី ដែលរៀបចំឡើងដោយវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន (TSI) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើង អំពីគម្រោងអប់រំ បណ្តុះ បណ្តាលធនធានមនុស្ស នៅតាមបណ្តាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តាមស្មារតីនៃសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ដែលបានដាក់ចេញកន្លងទៅ និងបានសម្តែងមោទកភាព ដែលក្រសួងសាធារណការ និងដឹកជញ្ជូន មានវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដ៏ធំមួយ ដើម្បីប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជាសិស្ស-និស្សិតពីក្រៅផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះវិទ្យាស្ថាន ដែលបានខិតខំប្រឹងប្រែង បង្កើតទំនាក់ទំនងល្អជាមួយនឹងឯកជនជាដៃគូ ដើម្បីជួយវិទ្យាស្ថាន តាមរយៈការចុះអនុស្សរណៈយោគយល់ ជាមួយសាកលវិទ្យាល័យក្នុង និងក្រៅប្រទេស និងស្ថាប័នផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពអប់រំរបស់វិទ្យាស្ថាន ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។ ឯកឧត្តមបានកោតសរសើរចំពោះវិទ្យាស្ថាន ដែលបានធ្វើការងារបណ្ដុះបណ្ដាល មិនត្រឹមតែនិស្សិតពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញបច្ចេកទេស របស់ក្រសួងផងដែរ។

ពិសេស ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់ ពិនិ ត្យឡើងវិញ និងរៀបចំរបៀបរបបធ្វើការ (Process Mapping) ក្នុងអង្គភាពរបស់ខ្លួនឱ្យបានចប់នៅខែឧសភា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយដំណើរការនីតិវិធីការងារ ចំណេញពេលវេលា កាត់បន្ថយចំណាយ និងការរាំងស្ទះនានា និងធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួង ដើម្បីធ្វើឱ្យប្រសើរឡើងរបៀបរបបធ្វើការ និងឈានទៅសម្រេចគោលដៅ នៃការសាងសង់ ជួសជុល ថែទាំផ្លូវឱ្យគុណភាពល្អជាងមុន៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara



No comments