ក្រសួងសាធារណការ បណ្ដុះបណ្ដាលជំនាញ ការៀបចំថវិកាសមិទ្ធកម្ម ដល់មន្ត្រី គ្រប់អង្គភាពថវិកា
លោក សឿន ប៊ុនលី អគ្គនាយកផែនការ និងគោលនយោបាយ បានមានប្រសាសន៍ថាៈ គោលបំណងនៃ ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ផ្តោតសំខាន់ទៅលើ ការបញ្ជ្រាប ការយល់ដឹង និងបណ្ដុះបណ្ដាល ដល់គ្រប់អង្គភាពថវិកា ក្រោមឱវាទក្រសួង សាធារណការ និងដឹកជញ្ជូនទាំងអស់ ឱ្យយល់ច្បាស់ អំពីការរៀបចំផែនការថវិកា និងសូចនាករ ឱ្យត្រឹមត្រូវ ទៅតាមការណែនាំរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ ស្ដីអំពីគណនេយ្យភាពសមិទ្ធកម្ម៖ ការគ្រប់គ្រង និងវាយតម្លៃលទ្ធផល និងសមិទ្ធផល។
លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែង នូវក្តីសង្ឃឹម យ៉ាងមុតមាំថា៖ សិក្ខាកាមទាំងអស់ នឹងចូលរួមយ៉ាងផុសផុល ក្នុងការ សិក្សាស្វែងយល់ អំពីការរៀបចំផែនការថវិកា ឱ្យស្របតាមគោលការណ៍ណែនាំ ស្ដីពីការៀបចំថវិកាសមិទ្ធកម្ម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាដើម្បីទទួលបាន នូវចំណេះដឹងថ្មីបន្ថែមទៀត សម្រាប់យកទៅអនុវត្ត ក្នុងការងារប្រចាំថ្ងៃ សមស្របទៅ តាមនីតិវិធី ដើម្បីប្រសិទ្ធភាពការងារខ្ពស់ និងផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត នៅក្នុងអង្គភាពរបស់ខ្លួន។
សូមបញ្ជាក់ជូនថា កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានកំណត់ជា ៤ ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ការបង្កើនភាពជឿទុកចិត្តនៃថវិកា (២០០៤ -២០០៨) ដំណាក់កាលទី២ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ (២០០៩-២០១៥) ដំណាក់កាលទី៣ «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ (២០១៦-២០២០) និងដំណាក់កាលទី៤ ការបង្កើនគណនេយ្យភាពសមិទ្ធកម្ម (២០២១-២០២៥)៕
No comments