លោក លឹម គានហោ ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនជាង៥ពាន់នាក់ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅស្រុកពញាឮ
(កណ្តាល)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សស្រុកពញាឮ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកពញាឮ នៃខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ - សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក គណៈអចិន្រ្តៃយ៍គណបក្សស្រុក បេក្ខជនក្រុមប្រឹក្សាឃុំ សាខាគណបក្សការិយាល័យអង្គភាពជុំវិញស្រុក និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ប្រមាណ ៥០០០នាក់។
ថ្លែងក្នុងពិធីជួបជុំនោះ លោក លឹម គានហោ បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីសារសំខាន់ និងតម្លៃសន្តិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៃកម្ពុជា និងបានស្នើឲ្យគ្រប់គ្នា ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្រ្តី បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាក្នុងឃុំទាំង១១ ក្នុងស្រុកពញាឮ ខិតខំបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងថែមទៀត៕
No comments