ក្រុមហ៊ុន ជីប ម៉ុង រៀបចំវគ្គបណ្ដុះបណ្ដាលសុវត្ថិភាពទោចក្រយានយន្តដល់បុគ្គលិក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ឧសភា ២០២២ នាយកដ្ឋានសុវត្ថិភាពនៃក្រុមហ៊ុន ជីប ម៉ុង បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពចរាចរណ៍ទោចក្រយានយន្តដល់បុគ្គលិក ជីប ម៉ុង នៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពតាមដងផ្លូវ។ កម្មវិធីបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិន ស៊ី អិច ហុងដា ក្នុងគោលដៅអប់រំបន្ថែមដល់បុគ្គលិក ជីប ម៉ុង ដែលជាម្ចាស់ទោចក្រយានយន្ត លើការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ដូចជា បណ្ដុះបណ្ដាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ ភ្លើងសញ្ញាចរាចរណ៍ និងសុវត្ថិភាពអ្នករួមដំណើរ ក៏ដូចជាពង្រឹងជំនាញបើកបរទោចក្រយានយន្តតាមរយៈការអនុវត្តផ្ទាល់ ចំណេះដឹងតំហែទាំយានជំនិះ និងការយល់ដឹងពីការអែបខាងប្រកបដោយសុវត្ថិភាព។ គួរបញ្ជាក់ផងដែរ សិក្ខាសាលានេះនឹងធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នាគឺ ថ្ងៃទី១០ និងទី១១ ខែឧសភា ឆ្នាំ២០២២។ ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងគិតគូរជាចម្បងលើសុខសុវត្ថិភាពរបស់បុគ្គលិក ក៏ដូចជាសុវត្ថិភាពចរាចរណ៍ និងប្រជាជនជាសាធារណៈ៕ អំពីក្រុមហ៊ុន៖ ក្រុមហ៊ុន ជីប ម៉ុង បង្កើតឡើងតាំងពីឆ្នាំ១៩៨២ បច្ចុប្បន្នគឺជាសាជីវកម្មឈានមុខគេមួយនៅកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ជីប ម៉ុង មានពាណិជ្ជកម្មចំនួន ១៣ ដែលកំពុងឈានមុខគេក្នុងវិស័យជាច្រើនដូចជា ការអភិវឌ្ឍអចលនទ្រព្យ សម្ភារសំណង់ ផ្សារទំនើប ភេសជ្ជៈ ធនាគារ សណ្ឋាគារ ព្រមទាំងមានដៃគូពាណិជ្ជកម្មជាច្រើនទៀតជុំវិញពិភពលោក។ ក្រុមហ៊ុនកំពុងបន្តពង្រីក និងបង្កើតពាណិជ្ជកម្មថ្មីៗជាបន្តបន្ទាប់ ដើម្បីសម្រេចបានចក្ខុវិស័យក្នុងការក្លាយជាក្រុមហ៊ុនខ្នាតធំដែលទទួលបានការគោរព និងសរសើរបំផុតក្នុងតំបន់។
No comments