ឯកឧត្តមបណ្ឌិត ជា ចាន់តូ ចូលរួមប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា កំពង់ធំ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២
នៅព្រឹកថ្ងៃ៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី0២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកអចិ ន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា អភិ បាលរងខេត្តប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងសមាជិក សមាជិកា ប្រមាណជាង ១ ៣០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ។
បន្ទាប់ពីឯកឧត្តមបណ្ឌិត ជា ចាន់តូ បានអានសុន្ទរកថាទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា រួចមក ឯកឧត្តមបានមានប្រសាន៍ថា រយៈពេល៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជន កម្ពុជាដ៏បរិសុទ្ធ ដែលស្មោះត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រយុទ្ធផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា នាំយកសិទ្ធិសេរីភាពដែលត្រូវបាត់បង់ទាំងស្រុង ក្នុងរបបប៉ុល ពត មកជូនប្រជាជនវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជាប្រកបដោយពន្លឺ និងក្តីសង្ឃឹម។
ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ គាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត។ ពង្រឹងកិច្ចសហការយ៉ាងស្មោះសរ ជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដ ក្នុងគោលបំណងថែរក្សានូវបរិយាកាសនយោបាយល្អប្រសើរ ប្រកបដោយចីរភាព ជាពិសេសបរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខ និងបង្កើនជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង លើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យមានភាពជឿនលឿន ៕ដោយ ស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ ធូ កុសល
No comments