សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ទៅចូលរួមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក
ភ្នំពេញ :ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា ហើយ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ តាមជើងយន្តហោះពិសេស ដើម្បីទៅ ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិ របស់
ឯកឧត្តម ស៊ីន ហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។
អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញមានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីអ្នកមុខអ្នការជាច្រើនជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនេះផងដែរ។ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រី
ប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅឯព្រលាន យន្តហោះអន្តរជាតិភ្នំពេញថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ«ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះ ស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សម្តេចតេជោ នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។
បទអន្តរាគមន៍នេះនឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាព
ជាសកល ដែលកំពុងបន្តកើត មានការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោល នយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធាន អាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់ បន្ថយ ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបបន្តបន្ទាប់គ្នាជាមួយ ឯកឧត្តម អាន់តូនីញ៉ូហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនិងថ្នាក់
ដឹកនាំផ្សេងទៀតផងដែរ។
បន្ទាប់មក តបតាមការអញ្ជើញរបស់ ឯកឧត្តម មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ពីថ្ងៃទី ២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមប្រធានាធិបតីមីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជានិងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។ បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន ១. កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ ២. អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃ
ប្រទេសទាំងពីរ ៣. អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា ៤. គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និង ៥.អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសម ចំពោះឯកឧត្តម អេស្តេបាន ឡាហ្សូហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា។សម្តេចតេជោក៏រំពឹងថានឹងចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម រ៉ាអ៊ូល ខាសស្រ្តូ អតីតប្រធានាធិបតីគុយបា នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសគុយបាផងដែរ។ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា សម្ដេចតេជោ
នាយករដ្ឋមន្ត្រីនឹងអញ្ជើញឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់ឯកឧត្តម ស៊ីនហ្សូ អាបេ (ABE Shinzo)អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២។ អតីតនាយករដ្ឋមន្ត្រី ឯកឧត្តមអាបេ ស៊ីនហ្សូ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្ដមៗ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនក្នុងនោះ រួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធ
សាស្ត្រ នៅឆ្នាំ២០១៣។ ឯកឧត្តមត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំ ទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាពស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបជាមួយប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។
គណៈប្រតិភូជាន់ខ្ពស់នៃរាជរាដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៕ដោយ៖ ជឹម ណារី សម្រួលផ្សាយដោយ៖ dara
No comments