ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

រដ្ឋមន្រ្តីក្រសួងព័ត៌មាន រម្លឹកឡើងវិញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិល្អរវាងកម្ពុជា និងគុយបា ក្នុងនោះគុយបា ធ្លាប់ជួយដល់កម្ពុជា ក្នុងពេលកំពុងជួបការលំបាក

ដោយ :http://www.funan-postnewstvonline.com/

ភ្នំពេញ :ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានរម្លឹកឡើងវិញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងគុយបា តាំងពីយូរមកហើយ ដោយក្នុងនោះប្រទេសគុយបា ធ្លាប់បានជួយដល់ប្រទេសកម្ពុជា តាមរយៈការបញ្ជូនវេជ្ជបណ្ឌិត គ្រូពេទ្យ មកជួយព្យាបាលប្រជាជនកម្ពុជា ក្នុងខណៈពេលដែលប្រទេសកំពុងជួបការលំបាក ។

 ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Luis Enrique González Acosta អគ្គនាយកទីភ្នាក់ងារសារព័ត៌មានគុយបា (Prensa Latina) ដោយផ្តោតសំខាន់លើការបន្តពង្រឹងពង្រីកការផ្លាស់ប្តូរគ្នាទៅវិញទៅមកលើវិស័យព័ត៌មាន និងផ្សព្វផ្សាយនៃប្រទេសទាំងពីរ កម្ពុជា-គុយបា កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ប្រទេសកម្ពុជា ក៏ធ្លាប់ត្រូវបានគេហុំព័ទ្ធសេដ្ឋកិច្ច ដូចប្រទេសគុយបាផងដែរ ដោយបានជួបនូវការលំបាកបំផុត គឺភាពអត់ឃ្លាន ហើយកាលនោះនៅពេលប្រទេសជាមិត្ត ចង់ផ្តល់ជាខ្មៅដៃ សៀវភៅ មកកម្ពុជា ក៏គេជំទាស់ដែរ ព្រោះការសម្រេចរបស់អង្គការសហប្រជាជាតិ គឺផ្តល់តែជំនួយបន្ទាន់តែប៉ុណ្ណោះ ។ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា កម្ពុជាយល់ច្បាស់ពីការលំបាកទាំងអស់នេះ ហើយគាំទ្រការតស៊ូប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនគុយបា បន្តទៅមុខទៀត តាមរយៈការផ្សាយព័ត៌មានដែលពិតប្រាកដ ពីអ្វីដែលកើតមានឡើងនៅក្នុងប្រទេសគុយបា ។

ឯកឧត្តម Luis Enrique González Acosta បានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងបានគាំទ្រ ក្នុងការឱ្យគេដកចេញ គំនាបសេដ្ឋកិច្ចចេញពីប្រទេសគុយបា។ ឯកឧត្តមអគ្គនាយកក៏បានបញ្ជាក់ពីកិច្ចសហការគ្នាល្អរវាង ទីភ្នាក់ងារសារព័ត៌មានគុយបា (Prensa Latina) និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដោយបានផ្តល់ព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីផ្សព្វផ្សាយអ្វីដែលជាការពិតជាក់ស្តែង កើតមានឡើងក្នុងប្រទេសទាំងពីរ គុយបា និងកម្ពុជា ហើយផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ ។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានោះរួចមក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងថ្មីស្ដីពី «កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន» រវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារ ព័ត៌មាន (Prensa Latina)។ ពិធីចុះហត្ថលេខានេះធ្វើឡើង រវាង លោកជំទាវ សុខមុំ និមល អគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង ឯកឧត្តម Luis Enrique González Acosta អគ្គនាយកទីភ្នាក់ងារសារព័ត៌មានគុយបា (Prensa Latina)។

សូមជម្រាបជូនថា កិច្ចព្រមព្រៀងថ្មីនេះ មានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ដើម្បីបម្រើផលប្រយោជន៍រួម ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក សម្រាប់ការលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្លាស់ប្តូរព័ត៌មាន ទម្រង់អត្ថបទ រូបថត និងសោតទស្សន៍ ព្រមទាំងចំណេះដឹងផ្នែកសារព័ត៌មាន និងការគ្រប់គ្រង៕ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា សម្រួលផ្សាយដោយ៖ dara




No comments