ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

ក្រសួងទេសចរណ៍ពង្រឹងការគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍តាមរាជធានី-ខេត្ត ដើម្បីជួយទទួលភ្ញៀវពេលស៉ីហ្គេម

ដោយ :http://www.funan-postnewstvonline.com/

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានប្រជុំបូកសរុបការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ ដើម្បីជំរុញ និងពង្រឹងគុណភាពសេវាផ្ដល់ព័ត៌មានទេសចរណ៍តាមមណ្ឌលព័ត៌មានទេសចរណ៍ដែលមាននៅតាមរាជធានី-ខេត្ត សំដៅតម្រង់ទិសឆ្ពោះទៅរកបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ នាឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ាវ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានសមាសភាពចូលរួមពីសំណាក់រដ្ឋបាលរាជធានី-ខេត្ត (អភិបាលរងរាជធានីខេត្ត) ប្រធានមន្ទីរទេសចរណ៍ទាំង ២៥ រាជធានី-ខេត្ត និងមន្រ្តីជំនាញក្រសួងទេសចរណ៍ និងផ្នែកឯកជនដែលពាក់ព័ន្ធ។

ក្រោយពីបានស្ដាប់នូវខ្លឹមសាររបាយការណ៍វឌ្ឍនភាពការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្ដឆ្នាំ២០២៣ រួចមក អង្គប្រជុំបានធ្វើការពិភាក្សារកធាតុចូលសំខាន់ៗមួយចំនួន និងទទួលបានលទ្ធផលជាវិជ្ជមានដូចខាងក្រោម៖

១-ស្នើឱ្យមានការសហការបន្ថែមពីសំណាក់រដ្ឋបាលរាជធានី-ខេត្តក្នុងការផ្ដល់ទីតាំង និងការគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍តាមស្ដង់ដាមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការបម្រើដល់ភ្ញៀវទេសចរ។

២-បន្ដពង្រឹងគុណភាពមណ្ឌលព័ត៌មានទេសចរណ៍ឱ្យបានល្អប្រសើរស្របតាមតម្រូវការភ្ញៀវទេសចរ និងពង្រីកលទ្ធភាពក្នុងការផ្ដល់ព័ត៌មានទេសចរណ៍ទៅកាន់ភ្ញៀវឱ្យកាន់តែទូលំទូលាយតាមគោលដៅទេសចរណ៍ទាំងអស់។

៣-ពិនិត្យមើលលទ្ធភាពបន្ថែមក្នុងការសាងសង់មណ្ឌលព័ត៌មានទេសចរណ៍ ឬបញ្ជរផ្ដល់ព័ត៌មានទេសចរណ៍ថ្មីៗបន្ថែមទៀត ជាមួយគ្នានេះក៏ត្រូវធ្វើការកែសម្រួល និងជួសជុលមណ្ឌលព័ត៌មានទេសចរណ៍ដែលមានស្រាប់មានលក្ខណៈតាមស្ដង់ដាឡើងវិញ។

៤-បន្ដជំរុញ និងស្វែងរកកិច្ចសហការក្នុងភាពជាដៃគូជាមួយផ្នែកឯកជន PPP(s) ឬស្ថាប័នពាក់ព័ន្ធនានាក្នុងការសាងសង់ និងគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ ស្របតាមយន្ដការរដ្ឋ និងឯកជន ដើម្បីធានានិរន្តរភាពក្នុងការប្រតិបត្តិការមណ្ឌលព័ត៌មានទេសចរណ៍យូរអង្វែង។ ការសាងសង់នេះទៀតសោត ក៏ត្រូវធ្វើការសិក្សា ដោយបត់បែនតាមទីតាំង និងលទ្ធភាពក្នុងការសង់ពីសំណាក់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តែមិនត្រូវចាកឆ្ងាយខុសពីស្ដង់ដាមណ្ឌលព័ត៌មានកម្ពុជាដែលកំពុងមាន។

សូមជម្រាបថា កិច្ចប្រជុំដើម្បីពង្រឹងការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍នេះ ក៏ជាការងារស្នូលសំខាន់មួយដែលអនុវត្តស្របតាមផែនទីចង្អុលផ្លូវស្ដីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣។

លើសពីនេះ ក៏ជាការតម្រង់ទិសឆ្ពោះទៅរកបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ នាឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ាវ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕

No comments