ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ដោយ :http://www.funan-postnewstvonline.com/


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់។ ពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​អន្តរ​ជាតិ​កោះពេជ្រ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង​២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។

សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។


លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។


គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់​ការសិក្សាពីវិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំង​នោះ​បាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ​មិន​មែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស។


លោករដ្ឋមន្ត្រី បានឱ្យដឹងថា បច្ចុប្បន្ននេះ វិទ្យាស្ថានមានគណៈគ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិកចំនួន ៤៧៨នាក់ នារី ១៤៨នាក់។ ក្នុងនោះសាស្រ្តាចារ្យ​មាន​សញ្ញាបត្របណ្ឌិតចំនួន ៩៥នាក់។ ឆ្នាំសិក្សា២០២២-២០២៣នេះ វិទ្យាស្ថាន​កំពុងបណ្ដុះបណ្ដាលនិស្សិតសរុប ៧,៨៦០នាក់ នារី ២,៥៦៨នាក់។


វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទីតាំងភ្នំពេញ មាននិស្សិតសរុប ៧,៧៤៧នាក់ នារី ២,៥២១នាក់ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ មាននិស្សិតកម្រិត​វិស្វករ​សរុប ១១៣នាក់ នារី ៤៧នាក់។


លោករដ្ឋមន្ត្រីបានឱ្យដឹងផងដែរថា ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍ​សេដ្ឋកិច្ច ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០ វិទ្យា​ស្ថានបានបន្តការខិតខំបន្ថែមទៀត ក្នុងការលើកកម្ពស់សមត្ថភាពស្ថាប័ន, សមត្ថភាព​ក្នុងការបណ្តុះបណ្តាល និងស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយបន្តពង្រឹង​ការ​អនុវត្ត​ប្រព័ន្ធវាយតម្លៃគុណភាពអប់រំផ្ទៃក្នុងជាប្រចាំ និងបន្តការពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅបរទេស និងសហការ​ជាមួយ​បណ្តាញសាកលវិទ្យាល័យអន្តរជាតិនានា។

ជាក់ស្តែងវិទ្យាស្ថានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយគ្រឹះស្ថាន​ឧត្តម​សិក្សានៅបរទេសចំនួន ១៩៣ និងជាមួយបណ្តាសាកលវិទ្យាល័យជាតិ និងអន្តរ​ជាតិចំនួន០៩ សម្រាប់ការបណ្តុះបណ្តាល និងការស្រាវជ្រាវ និងកំពុងអនុវត្តកម្មវិធី​អន្តរជាតិថ្នាក់វិស្វករ និងបរិញ្ញាបត្រជាន់ខ្ពស់ជាមួយ ECAM LaSalle នៃប្រទេស​បារាំង, កម្មវិធីឌុបឌីប្លូមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាមួយវិទ្យាស្ថាន INSA de Rennes នៃប្រទេសបារាំង និងកម្មវិធី Pre-degree ជាមួយសាកលវិទ្យាល័យ Curtin University នៃប្រទេសអូស្ត្រាលី។

ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ វិទ្យាស្ថានបានជ្រើសរើសសាស្រ្តាចារ្យ ចំនួន ១១៤នាក់ ដើម្បីសិក្សាលើគម្រោងស្រាវជ្រាវចំនួន ៨៧គម្រោង។ លទ្ធផលនៃការ​សិក្សាត្រូវបានប្រគល់ជូនស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចូលក្នុងគោលនយោបាយ​អភិ​វឌ្ឍជាតិ ដូចជា៖ ការងារគ្រប់គ្រងបឹងទន្លេសាប, គុណភាពខ្យល់ ទឹក និងបរិស្ថាន, ការអភិវឌ្ឍថាមពល, ទូរគមនាគមន៍, សុវត្ថិភាពអាហារ, ធារាសាស្រ្ត, ការងារសំណង់​ស៊ីវិល, ស្ថាបត្យកម្ម, អាជីវកម្មធនធានរ៉ែ, ព័ត៌មានវិទ្យា, និងគណិតវិទ្យាអនុវត្ត។ល។ ព្រមទាំងបានលើកទឹកចិត្តឱ្យបោះពុម្ពស្នាដៃស្រាវជ្រាវទៅក្នុងទស្សនាវដ្ដីជាតិ-អន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជា។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានបានបោះពុម្ពចំនួន ៤៨៤ អត្ថបទស្រាវ​ជ្រាវ នៅក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្តជាតិ និងអន្តរជាតិល្បីៗរបស់ពិភពលោក។ ទន្ទឹម​នឹងនេះ វិទ្យាស្ថានបាននិងកំពុងអនុវត្តគម្រោងសហប្រតិបត្តិការ​បច្ចេកទេស​ជាមួយ​ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំនិងស្រាវជ្រាវ និងសាកលវិទ្យាល័យអន្តរជាតិនានា ដើម្បីបន្តលើកកម្ពស់សមត្ថភាព ស្ថាប័ន ការបណ្តុះបណ្តាល និងការស្រាវជ្រាវឱ្យកាន់​តែមានប្រសិទ្ធភាពខ្ពស់ មានដូចជា៖

* គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក (២០១៨-២០២៤)

* គម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) ក្រោមក្របខ័ណ្ឌនៃកិច្ចព្រម​ព្រៀង​ហិរញ្ញប្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (២០១៩-២០២៦)

* គម្រោងពង្រឹងការបណ្តុះបណ្តាលវិស្វកម្ម និងស្រាវជ្រាវសម្រាប់អភិវឌ្ឍ​ឧស្សាហកម្ម​តាមរយៈការអប់រំផ្អែកលើការពិសោធន៍ (LBE) របស់ JICA (២០១៩-២០២៤)

* កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹក និងអនាម័យទីក្រុង​ដែល​ជា​​ជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប (២០១៩-២០២៣)

* គម្រោងបណ្តុះបណ្តាលសហគ្រិនជំនាន់ថ្មីក្នុងជំនាញកែច្នៃអាហារ និងកសិកម្ម (FoodSTEM) ដែលជាមូលនិធិរបស់សហភាពអឺរ៉ុប (Erasmus) (២០១៩-២០២៣)

* គម្រោងបង្កើតវេទិកាគ្រប់គ្រងហានិភ័យនៃការបំពុលខ្យល់នៅកម្ពុជា ដែលគាំទ្រ​ថវិកា​ដោយរដ្ឋាភិបាលជប៉ុន (២០២២-២០២៧)

* គម្រោងគាំទ្រស្ថាប័ន របស់កម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលឧត្តមសិក្សា នៃប្រទេសបែលហ្សិក (ARES) (២០២២-២០២៧)។

* គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា(STEP-UP) ដែលជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (២០២៣-២០២៨)៕

No comments