លោក ហ៊ុន ម៉ានី ដឹកនាំក្រុមការងាររៀបចំពិធីស្រង់ព្រះ និងនិមន្តព្រះសង្ឃ ចំរើនព្រះបរិទ្ធ លើករាសីឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅមុខប្រសាទបាយន័
(សៀមរាប)៖ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទីថ្ងៃ ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស២០៦៦ ត្រូវថ្ងៃទី៣ ដែលថ្ងៃវរៈឡើងស័ក លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំក្រុមការងាររៀបចំពិធីស្រង់ព្រះ និងនិមន្តព្រះសង្ឃ ចំរើនព្រះបរិទ្ធ លើករាសីឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅមុខប្រសាទបាយន័។ ដោយមានការចូលរួមពីលោក លោកស្រី ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនចូលរួមផងដែរ។
នៅមុនការប្រារព្ធពិធីតាមបែកសាសនា ក៏មានធ្វើការដង្ហែរព្រះពុទ្ធរូប ប្រទកិ្សណ ជុំវិញប្រាង្គប្រាសាទបាយន័ ទៅតាមពុទ្ធបញ្ញតិរបស់ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ តាមការបញ្ជាក់របស់លោកអាចារ្យ បានឲ្យដឹងថា ការរៀបចំពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃវរៈឡើងស័ក ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងតែមកវត្តអារាម ឬទីកន្លែងមួយដែលបានកំណត់នៅក្នុងថ្ងៃនេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬ អ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរលោកមានជំនឿតៗគ្នាមកយូរលុងមកហើយ។ ការស្រង់ព្រះទាំងព្រះបដិមាថ្ម និងព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារ និងកាច់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗចោល ហើយសាងនូវកុសលឆ្នាំថ្មី។
លោកអាចារ្យ បានបន្តថា យើងក៏ត្រូវចងចាំថា ពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹក និងការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេ។ តែព្រះរស់ ដែលហៅថាព្រះកន្លោង គឺជាព្រះដែលតែងតែនៅក្បែរយើង មើលថែយើងរហូតមកតាំងពីតូចក្រូចឆ្មា។ ដូច្នេះដែរ គួរតែសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះអ្នកមានគុណ កុំខ្មាសអៀនឲ្យសោះ កូនខ្លះហ៊ានសំពះអ្នកដទៃ តែបែរជាអៀនដៃមិនសំពះព្រះរស់របស់ខ្លួនឯង។ យ៉ាងណាមិញ បើតាមប្រសាសន៍លោកតាអាចារ្យ បានលើកឡើងផងដែរ ថា ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ និង មានជំនឿតៗគ្នាជាយូរលុងមកហើយ ការស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំដូចគ្នា។
លោកតាអាចារ្យបញ្ជាក់ថា ទឹកតំណាងភាពត្រជាក់ ម្ល៉ោះហើយ នៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឲ្យគេ និងគេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ។ ពិធីស្រង់ព្រះនេះដែរ ក៏ជាយុទ្ធសាស្ត្រអប់រំមួយ និងបង្កភាពសប្បាយដល់ស្រទាប់យុវជន ព្រមទាំងក្មេងចាស់ ដោយមិនបានប្រកាន់គ្នា ក្នុងស្មារតីសាមគ្គីជាតិខ្មែរ នៃមហាគ្រួសារខ្មែរតែមួយ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៣៦៥ថ្ងៃ ពិធីចូលឆ្នាំមានត្រឹមតែ ៣ថ្ងៃទេ និងចំរដូវដែលមានអាកាសធាតុក្ដៅ (ខែចេត្រ) ដែលអត្ថន័យនៃពិធីនេះ មិនខុសអីពីការសំដែងដឹងគុណដល់អ្នកមានគុណនោះដែរ ព្រោះព្រះបដិមាសំដៅលើព្រះពុទ្ធ ដែលជាព្រះសំដែងធម៌ទេសនាប្រោសមនុស្សសត្វអស់កាលដ៏យូរ ដូច្នេះពុទ្ធបរិស័ទមកសំដែងគុណដោយធ្វើពិធីស្រង់ព្រះ លាងស្រោចដោយទឹកអប់ផ្កាភ្ញីជម្រះធូលីឲ្យត្រជាក់។ ចំណែកឯមាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ ឬអ្នកមានគុណ កូនចៅមកស្រោចទឹក ឬងូតទឹកដុសក្អែលឲ្យ ក៏ដើម្បីបង្ហាញពីការដឹងគុណ និងឲ្យបានត្រជាក់ ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ទាំងអស់គ្នា៕
No comments