ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

គម្រោងថ្មីមួយមានទឹកប្រាក់៣លានដុល្លារ ជួយបង្កើនប្រាក់ចំណូលកសិករខ្នាតតូចនៅកម្ពុជា

ដោយ :http://www.funan-postnewstvonline.com/


(ភ្នំពេញ)៖ កម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (WFP) សហការជាមួយសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) កំពុងចាប់ផ្តើមគម្រោងថ្មីមួយ ដែលសំដៅផ្តោតលើ កសិករខ្នាតតូចជាង១,២០០នាក់ និងក្រុមគ្រួសាររបស់ពួកគាត់ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ភាគឦសានប្រទេសកម្ពុជា។

គម្រោងនេះ ទទួលបានមូលនិធិពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកលចំនួន ១.៧៩លានដុល្លារ និងពី CACC ចំនួន១.១លានដុល្លារ ក្នុងគោលបំណងលើកកម្ពស់ ភាពធន់ និងជីវភាពរបស់កសិករ ខ្នាតតូចតាមរយៈកសិកម្មសរីរាង្គ និងលទ្ធភាពចូលទៅកាន់ទីផ្សារ។

គម្រោងនេះ ក៏មានបំណងលើកកម្ពស់ អាហារូបត្ថម្ភនិងសមភាព យេនឌ័រ ផងដែរ តាមរយៈវិធីសាស្រ្តផ្លាស់ប្តូរឥរិយាបថសង្គម ដែលត្រូវបានរៀបចំឡើង ដើម្បីជំរុញឲ្យមានតម្រូវការរបបអាហារសុខភាព និងទប់ទល់ជាមួយទម្លាប់សង្គម ដែលបង្កគ្រោះថ្នាក់។

លោកស្រី គ្លែរ កូណាន់ អ្នកតំណាងរបស់ WFP ប្រចាំនៅកម្ពុជា បានថ្លែងថា «គម្រោងនេះត្រូវបានគ្រោងរៀបចំឡើងក្នុងបរិបទកូវីដ-១៩ ដោយប្រើវិធីសាស្រ្តច្នៃប្រឌិត ដែលកសាងភាពជាដៃគូរវាង វិស័យសាធារណៈ វិស័យឯកជន និងអ្នកផលិតដោយផ្ដោតជាសំខាន់នលើភាពចាំបាច់ ក្នុងការទាញប្រយោជន៍ពីការបណ្ដាក់ទុនលើ វិស័យឯកជន ពង្រឹងកិច្ចសន្ទនាផ្នែកគោលនយោបាយ ធានានូវចំណេះដឹងចាំបាច់ និងគាំទ្រដល់ការអភិវឌ្ឍដែលគិតគូរដល់បរិស្ថាន សមធម៌សង្គម និងសេដ្ឋកិច្ច»។

នាយកប្រតិបត្តិ CACC លោក កាន់ គន្ធី បានថ្លែងថា CACC នឹងបង្កើតខ្សែច្រវ៉ាក់តម្លៃអាហារសរីរាង្គមួយ ដែលប្រកបដោយបរិយាប័ន្ន និងលើកទឹកចិត្តកសិករខ្នាតតូច រួមទាំងស្ត្រីនិងជនជាតិដើមភាគតិច ឲ្យប្តូរមកអនុវត្ដ កសិកម្មសរីរាង្គដោយប្រើតែជី និងថ្នាំកម្ចាត់សត្វល្អិតធម្មជាតិ និងការអនុវត្តដទៃទៀត ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

លោកបានបន្តថា «អាហារសរីរាង្គមានតម្លៃល្អ និងមានស្ថិរភាពជាងតម្លៃទំនិញដែលផលិតទៅតាមទម្លាប់។ វាមានឱកាសចំណេញខ្ពស់ និងមានស្ថិរភាពចំណូល»។ លោកកត់សម្គាល់ថា កសិករខ្នាតតូចក្នុងខេត្តមណ្ឌលគិរី ច្រើនដាំដុះតែស្រូវ ហើយភាគច្រើនធ្វើសិកម្មវិលជុំបែបប្រពៃណី ដែលងាយរងគ្រោះដោយសារអាកាសធាតុ និងវិបត្តិផ្សេងៗ។

លោក គន្ធី បានបន្ថែមថា «គោលដៅរបស់យើង គឺដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ ដែលចូលរួមឲ្យបានរហូតដល់២០ភាគរយ ធៀបនឹងប្រាក់ចំណេញរបស់កសិកម្ម ធម្មតា»។ លោកក៏បញ្ជាក់ថា CACC នឹងជួយសម្របសម្រួលទំនាក់ទំនងទីផ្សារហើយកសិករនឹងអាចប្រើប្រាស់ចំណូលរបស់ខ្លួនក្នុងការទប់ទល់ជាមួយនឹង វិបត្តិផ្សេងៗដែលអាចកើតមាននាពេលអនាគត។

លោកស្រី កូណាន់ បានថ្លែងថា «កំណើនប្រាក់ចំណូលនឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រួល ឲ្យមានអាហារូបត្ថម្ភកាន់តែប្រសើរនៅពេលដែលក្រុមគ្រួសារពួកគាត់ អាចទទួលបានអាហារសុខភាពចម្រុះ អាចទប់ទល់នឹងផលអវិជ្ជមានផ្នែកអាហារូបត្ថម្ភ ដែលកើតមានលើក្រុមគ្រួសារពួកគាត់»។

លោកស្រីក៏សម្គាល់ផងដែរថា ជីវភាព និងអាហារូបត្ថម្ភមានសារៈសំខាន់ណាស់ ដោយសារតំបន់គោលដៅនេះ មានកម្រិតនៃភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភខ្ពស់៕




No comments