ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ និយោជិត ជាង១ម៉ឺន ៨ពាន់នាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ដោយ :http://www.funan-postnewstvonline.com/

(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុក​គងពិសី ខេត្តកំពង់​ស្ពឺ។ ជំនួប​សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយ​កន្លែង​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​លេខ៤១ ក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា រោងចក្រ សហគ្រាសទាំង៧ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៤។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី។ល។

ការប្រឹងប្រែងស្វែងរកការងារជូនប្រជាពលរដ្ឋ ជាគោលនយោបាយដ៏ចាំបាច់មួយ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅតែពីរកការងារជូនប្រជាពលរដ្ឋហើយនោះ រាជរដ្ឋាភិបាល ក៏នៅគិតថែមទៀតថា តើត្រូវធ្វើបែបណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលទៅធ្វើការងារឆ្ងាយផ្ទះ?

ផ្តើមចេញពីហេតុផលនេះហើយ ទើបនៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បាន​ដាក់​ចេញ​គោលនយោបាយពង្រាយរោងចក្រចុះទៅតាមខេត្ត ដើម្បីផ្តល់ការងារនៅ​ជិត​ផ្ទះរបស់ប្រជាពលរដ្ឋ។ ខេត្តកំពង់កំពង់ស្ពឺ បានក្លាយជា​ខេត្ត​មួយនៃគោលដៅ​វិនិយោគ​រោងចក្រ សហគ្រាស និងទទួលបានផលប្រយោជន៍ពីនយោបាយពង្រាយរោងចក្រ​នេះ។ នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន​កម្មករ​ និយោ​ជិតជាង ១៥ម៉ឺន ៥ពាន់​នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៩១ មានកម្មករនិយោជិត​សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ។

សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះ​ជួប​សំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំង​ប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស​នេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយ​ឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យ​មានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់​ផ​​លិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។

ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០​១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួប​សំណេះសំណាល​ជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិត​ចំនួន​ប្រមាណ ១លាននាក់។

ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែល​បានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោ​ជ​ន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្ត​បានជោគជ័យ។

បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។

ជំនួបថ្ងៃនេះ គឺជាជំនួបលើកទី១៣ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ១៣លើក នេះ មានកម្មករ និយោជិតសរុប​​ប្រមាណ ២៣ម៉ឺន ៧ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន៦លើកទៀត ដែល​នឹង​ជួបកម្មករនិយោជិតសរុបប្រមាណ ៩ម៉ឺន ៩ពាន់នាក់ទៀត។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេច​តេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាល​ភាព​ដល់​កម្ម​ការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំផងដែរ។

ឧស្សាហកម្មកាត់ដេរ គឺជាចំណែកមួយដ៏សំខាន់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និង​ផ្តល់​ការងារជូនប្រជាពលរដ្ឋ។ ក្រោមគោលនយោបាយប្រកបដោយសក្តានុពល​របស់​រាជ​រដ្ឋាភិបាល បានធ្វើឱ្យឧស្សាហកម្មកាត់ដេរមានកំណើនជាបន្តបន្ទាប់។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរនៅកម្ពុជា មានចំនួនត្រឹមតែ៦៤ មានកម្មករ និយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួនប្រមាណ ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។

នៅឆ្នាំ២០២៣ រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ បានកើនដល់ចំនួន១,៣២៦ មានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់)។ ការនាំចេញមាន​រហូត​ដល់​ទៅ ១៣ពាន់លានដុល្លារអាមេរិក។ តាមរយៈការងារក្នុងវិស័យកាត់ដេរនេះ បានធ្វើឱ្យប្រជាពលរដ្ឋធានាបាននូវប្រាក់ចំណូលប្រចាំខែ និងមានជីវភាពកាន់តែល្អប្រសើរ៕

No comments