ក្រសួងទេសចរណ៍ នឹងពង្រីកការបណ្តុះបណ្តាលជំនាញទេសចរណ៍ជូនអ្នកបម្រើក្រៅប្រព័ន្ធ
ក្រសួងទេសចរណ៍ នឹងពង្រីកការបណ្តុះបណ្តាលជំនាញទេសចរណ៍ជូនអ្នកបម្រើក្រៅប្រព័ន្ធ
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបង្កើនសកម្មភាពផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ ជូនបណ្តាអ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ ដើម្បីឲ្យគាត់មានសមត្ថភាពជំនាញវិជ្ជាជីវៈទេសចរណ៍ច្បាស់លាស់ និងទទួលស្គាល់ត្រឹមត្រូវតាមស្តង់ដារជាតិ និងអាស៊ាន ជាពិសេសគឺការជំរុញផ្តល់សេវាទេសចរណ៍ប្រកបគុណភាព និងភាពវៃឆ្លាត។
បើតាមឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១៥ ខែសីហានេះ ថា នៅក្នុងសកម្មភាពពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍សម្រាប់អ្នកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ គឺក្រសួងទេសចរណ៍ នឹងបណ្តុះបណ្តាលឲគាត់មានទទួលបានបានសញ្ញាបត្រកម្រិត១ ហើយក្រសួងនឹងបន្តបណ្តុះបណ្តាលជំនាញទេសចរណ៍នានាបន្ថែមទៀត ទៅតាមអ្វីដែលគាត់ជួបការខ្វះខាត។
ឯកឧត្តម ទ្រី ឈីវ បន្តថា ចាប់ពីឆ្នាំ២០២៣នេះ បណ្តាប្រទេសអាស៊ាន នឹងធ្វើការទទួលស្គាល់ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមស្តង់ដាតែមួយចំនួន៧០មុខជំនាញ ហើយអាចធ្វើការងារបំលាស់ទីបាននៅក្នុងតំបន់អាស៊ាន។ សម្រាប់កម្ពុជា នឹងពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ទាំងអស់នេះ ឲ្យដល់បណ្តាអ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយនឹងធ្វើការអញ្ជើញគាត់ឲ្យមកទទួលការបណ្តុះបណ្តាលនៅតាមសាលាវិជ្ជាជីវៈទេសចរណ៍ចំនួន៤ ក្នុងនោះ មានសាលាអង្គការ PSE សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ វីដ សាលា ហារីយ៉ាស នៅក្នុងរាជធានីភ្នំពេញ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប្រ៊ូល នៅខេត្តសៀមរាប។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អណត្តិទី៦ ក៏បានថ្លែងជំរុញឲ្យមន្ត្រីជំនាញ ត្រូវបង្កើនសកម្មភាពបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ក្រៅប្រព័ន្ធ និងអ្នកធ្វើការងារទេសចរណ៍ដោយប្រយោលនានាទៀតក្នុងវិស័យទេសចរណ៍ ពិព្រោះថា ការងារអភិវឌ្ឍន៍ជំរុញវិស័យទេសចរណ៍ឲ្យមានការរីករចម្រើន គឺយើងត្រូវការជាចាំបាច់អ្នកជំនាញទេសចរណ៍មកធ្វើការ ពោល គឺ បើអ្នកបម្រើការ ធ្វើការងារទេសចរណ៍ដោយគ្មានជំនាញនោះទេ គឺ វិស័យទេសចរណ៍មិនអាចរីកចម្រើននោះទេ៕
No comments