សម្តេចតេជោ ហ៊ុន សែន៖ «នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អលើសពីការគិតរបស់ខ្ញុំ»
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្តេចកំពុងសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មីទាំងក្នុង និងក្រៅប្រទេស។ សម្តេចតេជោ បានថ្លែងសរសើរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើបានល្អលើសពីការគិតរបស់សម្តេច។
នៅលើបណ្តាញសង្គម Tik Tok ជាមួយនឹងការបង្ហោះវីដេអូសកម្មភាពសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននោះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចយ៉ាងដូច្នេះ «លោតទៅក្នុងទឹកទើចេះហែលទឹក។ ខ្ញុំកំពុងសង្កេតមើលសកម្មភាពរបស់នាយករដ្ឋមន្ត្រីថ្មីទាំងការងារក្នុងប្រទេស និងការងារក្រៅប្រទេស។ មិនមែនលើកសរសើរកូនខ្លួនឯងទេ តែនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គេពិតជាធ្វើបានល្អលើសការគិតរបស់ខ្ញុំទៅទៀត»។
សម្តេចតេជោ បានបន្ថែមថា «មិនមែននិយាយលើកសរសើរកូនខ្លួនឯងនោះទេ។ មុននេះខ្ញុំគិតថាត្រូវប្រើពេលប្រមាណ៣ខែ ទើបនាយករដ្ឋមន្ត្រីថ្មីអាចគ្រប់គ្រងលើការងារបានទាំងស្រុង។ ផ្ទុយពីការគិតរបស់ខ្ញុំនាយករដ្ឋមន្ត្រីរូបនេះ ចេញដំណើរដោយការជឿជាក់គ្រប់គ្រងបានសភាពការលើគ្រប់ផ្នែកទាំងតូចទាំងធំក្នុងប្រទេស និងឈានទៅសម្រេចបាននូវកិច្ចការបរទេសតាមរយះវេទិកាអាស៊ាន និងដៃគូ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃនេះ និងត្រៀមខ្លួនចេញដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនាសប្តាហ៍ក្រោយ»។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា កូននាគរាជ ច្បាស់ជាមិនក្លាយទៅកូនកង្កែបនោះឡើយ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំនាវាកម្ពុជា បានប្រមានជា៣សប្តាហ៍មកហើយ។ រយៈពេល៣សប្តាហ៍នេះ សម្តេចបានរំលេចនូវស្នាដៃចាត់ចែងការងារមួយចំនួននាំឱ្យមានការគាំទ្រគួរឱ្យកត់សម្គាល់។ ការងារក្នុងប្រទេសសម្តេចបានបង្ហាញការធ្វើកំណែទម្រង់ការតែងតាំងមន្ត្រីរដ្ឋបាលសាធារណៈ ហើយបានឆ្លើយតប និងដោះស្រាយបញ្ហាអសកម្មមួយចំនួនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្រៅពីនេះបេសកកម្មការងារក្រៅប្រទេសដំបូងរបស់សម្តេចនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏មានការវាយតម្លៃខ្ពស់លើនយោបាយការបរទេសរបស់សម្តេចក្នុងការកសាងមិត្តភាពជាមួយប្រទេសជាមិត្ត និងទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា។ ដំណើរបេសកកម្មការងារនោះ ទទួលបាននូវការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ។
ពេលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដែលជាការបង្ហាញពីរបៀបនយោបាយការបរទេសមួយប្រកបដោយភាពឆ្លាតវៃ និងការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសចិន ដែលជាការបន្តរក្សានូវប្រវេណីទំនាក់ទំនងដែលបន្សល់ទុកដោយមេដឹកនាំកម្ពុជាជំនាន់មុន និងជាការធានារក្សាបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា៕
No comments