ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ត្រៀមចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩

ដោយ :http://www.funan-postnewstvonline.com/

 សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ត្រៀមចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩

នៅរសៀលថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ត្រៀមនឹងចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងជូនពរដល់កីឡាករ និងកីឡាការិនីទាំងអស់ ទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នេះ ។ 

សម្តេចធិបតី បានបញ្ជាក់ថា ជំនួបបែបនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ដល់កីឡាករ និងកីឡាការិនី រហូតក្លាយជាប្រពៃណី និងទម្លាប់ ដែលត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដោយ សម្តេចតេជោ និងបានបន្តដល់បច្ចុប្បន្ន ហើយក៏នឹងត្រូវបន្តអនុវត្តទៅមុខទៀតផងដែរ ព្រោះថាកីឡាករ និងកីឡាការិនីគ្រប់រូប ដែលចេញទៅប្រកួត គឺប្រកួតដើម្បីជាតិ និងមាតុភូមិរបស់យើង ។  ជាមួយគ្នានេះ, សម្តេចធិបតី បានលើកឡើងពីសមិទ្ធផលនៃការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីពេលកន្លងទៅនេះ ដែលប្រកបដោយមោទកភាពជាតិ ហើយកិត្តិស័ព្ទជាតិ ក៏ត្រូវបានលើកតម្កើងខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ។

 ឆ្លៀតឱកាសនេះដែរ សម្តេចធិបតី បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិក និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតនូវប្រវត្តិសាស្ត្រ ថ្មីសម្រាប់វិស័យកីឡានៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលកីឡាករ កីឡាការិនី ប្រកបដោយថាមភាព និងស្មារតីកីឡា ដើម្បីប្រកួតប្រជែងយកជ័យជម្នះជូនជាតិមាតុភូមិ ។ 

កីឡាគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ជាពិសេស ការបង្កើតនូវស្មារតីនៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដែលជាកម្លាំងគាំទ្រដ៏សកម្មបំផុតក្នុងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ៗរូប ។ ជាងនេះទៅទៀត អ្វីដែលរឹតតែពិសេសសម្រាប់កម្ពុជា និងជាមោទនកភាពជាតិនោះគឺភាពរួសរាយរាក់ទាក់ និងអំពើល្អរបស់កម្ពុជា, ក្រុមកីឡាករ និងកីឡាការិនី, អ្នកគាំទ្រ និងប្រជាជនកម្ពុជា ចំពោះគ្រប់គណៈប្រតិភូកីឡាបរទេសទាំងអស់ បានបង្កើតឱ្យមានការចងចាំដ៏ល្អអំពីកម្ពុជា ។

ភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គឺអាស្រ័យលើកត្តាសំខាន់មួយចំនួន ដូចជា៖ 

១) ការយកចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំរបស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងតាមរយៈស្តង់ដារនៃការប្រកួត, ពិធីបើក, ពិធីបិទ, ហេដ្ឋារចនាសម្ព័ន្ធ និងការត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួមទាំងអ្នកស្ម័គ្រចិត្តផងដែរ

 ២) ការខិតខំប្រឹងប្រែងរបស់កីឡាករ និងកីឡាការិនីផ្ទាល់ បានធ្វើឱ្យកម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២ គ្រឿង ដែលនេះពិតជាមានអត្ថន័យធំធេងណាស់សម្រាប់ជាតិ ប្រៀបធៀបនឹងមេដាយដែលកម្ពុជាធ្លាប់ទទួលបានក្នុងអតីតកាល ហើយក៏បានបញ្ជាក់អំពីការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តរបស់កីឡាករ និងកីឡាការិនី ប្រកបដោយសមត្ថភាព, ភាពជឿជាក់ និងការចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់

 ៣) កត្តាអំណោយផល ដែលទទួលបានពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ

៤) កត្តាថ្នាក់ដឹកនាំ ជាពិសេសការដឹកនាំរបស់ សម្តេចតេជោ ដែលមានចក្ខុវ័យវែងឆ្ងាយ និងការត្រៀមលក្ខណៈល្អប្រសើរ រួមទាំងការពុះពារគ្រប់ឧបសគ្គក្នុងដំណាក់កាលវិបត្តិនៃជំងឺកូវីដ-១៩ 

៥) ការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ 

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់គ្រូបង្វឹក ក្រុមការងារ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានត្រៀមលក្ខណៈ និងរៀបចំគ្រប់បែបយ៉ាងក្នុងការដឹកនាំកីឡាករ និងកីឡាការិនីរបស់យើង ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខនេះ ។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនជូនដល់កីឡាករ និងកីឡាការិនីទាំងអស់ សម្រាប់ការត្រៀមលក្ខណៈប្រកួតនាពេលខាងមុខ រួមមាន៖ 

១) បន្តហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានល្អ

២) ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ជាកីឡាករ និងកីឡាការិនី និងជាមិត្តល្អ ដើម្បីបង្កើតនូវការចងចាំល្អពីកម្ពុជា ព្រោះអត្តពលិកកម្ពុជាម្នាក់ៗ សុទ្ធសឹងតែជាអង្គទូតតំណាងឱ្យកម្ពុជា

៣)ចៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុហាមឃាត់ និងខុសពីបទវិន័យកីឡា

 ៤) រក្សាសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ឱ្យដូចជាសុភាសិត «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» 

៥) បន្តបង្កើនសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្តាប្រទេសនានា ក្រោមគោលការណ៍៖ ឈ្នះ គឺជាការបង្កើនមិត្តច្រើន និងឈរលើក្រមសីលធម៌ល្អ ។

សម្តេចធិបតី ក៏បានជូនពរ និងប្រសិទ្ធពរ ដល់បងប្អូនកីឡាករ និងកីឡាការិនីទាំងអស់ ឱ្យទទួលបានជោគជ័យ និងនាំមកនូវកិត្តិយសសម្រាប់ជាតិ និងមាតុភូមិ ៕






















No comments