ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យសាលាប៉ូលឌុយប្រ៊ូលសហការពង្រីកវិសសាលភាពបណ្តុះបណ្តាលជំនាញសណ្ឋាគារ និងទេសចរណ៍

ដោយ :http://www.funan-postnewstvonline.com/

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជំរុញឱ្យសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួងធ្វើការរួមគ្នាក្នុងការពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍ដល់ពលរដ្ឋកម្ពុជា។ ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី និងលោក ហ្រ្វង់ស័រ ស្មូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូលនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់លោករដ្ឋមន្ត្រី កិច្ចសហការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍នេះ នឹងជួយឱ្យពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀតមានជំនាញជាក់លាក់ប្រកបដោយប្រសិទ្ធភាពខណៈដែលកម្ពុជាមានតម្រូវការកម្លាំងជំនាញនេះជាច្រើនបន្ថែមទៀតក្នុងទីផ្សារ។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ លោក ហ្រ្វង់ស័រ ស្មូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ បានបង្ហាញពីវឌ្ឍនភាពចំពោះការបណ្តុះបណ្តាលពលរដ្ឋកម្ពុជាមកពីគ្រប់កន្លែងជាពិសេសជនមានពិការភាពឱ្យមានជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចជាក់លាក់ និងទទួលបានឱកាសការងារដែលទីផ្សារបានទទួលស្គាល់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកសរសើរ និងថ្លែងអំណរគុណដល់សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូលដែលបានផ្តល់ជំនាញពិតប្រាកដដល់ពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់តាំងពីចាប់ផ្តើមដំណើរការនៅឆ្នាំ២០០២មក។

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់លោករដ្ឋមន្ត្រី បានរំពឹងថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួង នឹងសហការគ្នាដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ និងសណ្ឋាគារដល់ពលរដ្ឋកម្ពុជា ស្របទៅតាមទស្សនៈវិស័យរបស់ក្រសួងដែលផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ពលរដ្ឋដើម្បីមានជីវភាពកាន់តែប្រសើរ និងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិ៕

No comments