សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រធានរដ្ឋវៀតណាម តភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា និងវៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅប្រមុខរដ្ឋវៀតណាម ឱ្យពន្លឿនកិច្ចព្រមព្រៀងនានា ដើម្បីបើកផ្លូវឱ្យមានការតភ្ជាប់គ្នារវាងផ្លូវល្បឿនលឿនរបស់កម្ពុជា (ភ្នំពេញ-បាវិត) ជាមួយផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបាយ-ហូជីមិញ) ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងទេសចរណ៍។សំណើខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម នាព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣។ក្នុងឱកាសជំនួបនោះ លោក វ៉ វ៉ាន់ធឿង បានអបអរសាទរសម្តេចធិបតី ទទួលបានការគាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាលនីតិកាលថ្មី។ លោកប្រមុខរដ្ឋវៀតណាម បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជាអនុវត្តដោយជោគជ័យរាល់គោលនយោបាយនានា ដែលបានដាក់ចេញទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។លោក វ៉ វ៉ាន់ធឿង ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះជំនួបនេះ និងបានរំឭកអំពីជំនួបជាមួយប្រធានរដ្ឋវៀតណាម កាលពីបួនឆ្នាំមុន ដែលទាំងនេះ គឺសុទ្ធសឹងជាឱកាសនៃការពិភាក្សា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើប្រធានរដ្ឋវៀតណាម ពន្លឿនកិច្ចចរចាតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-បាវិត របស់កម្ពុជា ជាមួយផ្លូវល្បឿនលឿនម៉ុកបាយ-ហូជីមិញ របស់វៀតណាម ដើម្បីសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។ក្នុងជំនួបនោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ប្រធានរដ្ឋវៀតណាម ក៏បានស្នើបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយបានបង្ហាញបំណងយាងព្រះមហាក្សត្រ ក៏ដូចជាអញ្ជើញសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅវៀតណាម។ សម្តេចធិបតី បានទទួលយកការអញ្ជើញនេះ ដោយនឹងកំណត់កាលបរិច្ឆេទសមស្របនាពេលឆាប់ៗខាងមុខ៕
No comments