ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ក្រសួងលើកទឹកចិត្តឱ្យសិស្សខិតខំរៀនសូត្រ ជាជាងការប្រឡងធ្លាក់ហើយមកតវ៉ាលទ្ធផល

ដោយ :http://www.funan-postnewstvonline.com/

(ភ្នំពេញ)៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែង ជាទូទៅការប្រឡងបាក់ឌុប មិនអនុញ្ញតឱ្យសិស្សតវ៉ាលទ្ធផលប្រឡងនោះទេ ដោយសារតែក្រសួងបានរៀបចំដំណើរការប្រឡងបានល្អប្រសើរហើយ ទាំងការរៀបចំវិញ្ញាសារ ​កំណែ និងបច្ចេកទេសផ្សេងៗជាដើម ដែលធានាបាននូវតម្លាភាព និងសុក្រឹតភាព។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣» នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣​។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងបន្តថា ក្រសួងលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបាននូវជោគជ័យ នៅក្នុងការប្រឡង ប៉ុន្តែក្រសួងមិនលើកទឹកចិត្តឱ្យសិស្សតវ៉ានោះទេ។

​លោកបន្តថា នៅក្នុងការប្រឡងមិនមានប្រទេសណាមួយ អនុញ្ញាតឱ្យសិស្សតវ៉ានោះទេ ព្រោះ​ការប្រឡងប្រៀបដូចការប្រឡងចូលបំពេញការងារដែរ ប្រសិនបើប្រឡងមិនជាប់ ​ក៏មិនអាចតវ៉ាដែរ។

លោកបានគូសបញ្ជាក់បន្ថែមថា ​​«ជាគោលការណ៍គ្រប់ការប្រឡង នៅតាមប្រទេសផ្សេងៗទៀត ​គឺមិនបានអនុញ្ញាតឱ្យសិស្សតវ៉ាទេ ដោយសារមូលហេតុថា ពេលប្រឡងនេះ គឺយើងចាត់វិធានការអស់ហើយ ពិនិត្យមើល ទាំងការរៀបចំប្រធានវិញ្ញាសារ រៀបចំបច្ចេកទេស ដើម្បីធានាថា ការកែមានសុក្រិតភាព កែដោយប្រយ័ត្នប្រយែង​ កែដោយអត្រាកំណែ ហើយក៏មានការពិនិត្យផ្ទៀងផ្ទាត់ថែមទៀត ដើម្បីធានាយ៉ាងម៉េច ​ឱ្យលទ្ធផលនេះ ឆ្លុះបញ្ចាំងនូវសមត្ថភាពរបស់សិស្ស។ ក៏ប៉ុន្តែតែងតែមានសិស្សតវ៉ា»។

​លោកបានបញ្ជាក់ថា កន្លងមករាល់មានការតវ៉ាពីសិស្ស ​ក្រសួងតែងតែពិនិត្យមើល និងជ្រើសរើស​សំណាក ​ដើម្បីឆែកម្តងទៀត​ក្រែងមានខ្វះចន្លោះអីត្រង់ណា។ តែយ៉ាងនេះក្តី ​រាល់ការពិនិត្យឡើងវិញមិនដែលរកឃើញថាមានបញ្ហាអ្វីនោះទេ។

លោកបន្ថែមថា ​ការកែម្តងទៀតនេះ ​នឹងអាចធ្វើឱ្យការកែកាន់តែតឹងឡើង ហើយវាអាចធ្វើឱ្យពិន្ទុរបស់សិស្សធ្លាក់ចុះថែមទៀតផង។

លោកមានប្រសាសន៍ថា «ជារួមខ្ញុំចង់ជម្រាបជូនថា ទិដ្ឋភាពបច្ចេកទេសយើងធានាហើយថា ការប្រឡងនេះ គឺដំណើរការទៅតាមគោលការណ៍ទាំង៤ គឺយើងមានតម្លាភាព ហើយធានាថាលទ្ធផលនឹងអាចទទួលយកបាន ទាំងគោលការណ៍ច្បាប់ជាដើម»។

សូមជម្រាបថា បេក្ខជនចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង​៖ ០៦ វិច្ឆិកា ២០២៣ សរុបចំនួន ១៣៧ ៤១២នាក់ កើនឡើងជាង៩ពាន់នាក់ ស្រី៧៣ ២៧៨នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៤១ ៣៧៩ នាក់ ស្រី ២៤ ៧៨៩នាក់ បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួន ៩៦ ០៣៣នាក់ ស្រី ៤៨ ៤៨៩នាក់៕






No comments