ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តពោធិ៍សាត់ និងប្រកាសបើកឱ្យដំណើរការ សមាសភាពក្បាលម៉ាស៊ីនក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់

ដោយ :http://www.funan-postnewstvonline.com/

(ពោធិ៍សាត់)៖ លោក កែវ​ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តពោធិ៍សាត់ និងប្រកាសបើកឱ្យដំណើរការ សមាសភាពក្បាលម៉ាស៊ីនក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

អង្គសន្និបាតនេះ បានការចូលរួមពីឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រដ្ឋបាលស្រុក ក្រុង ឃុំសង្កាត់ មន្ទីរអង្គភាពជុំវិញខេត្តជិត២០០នាក់។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា រយៈពេល២ថ្ងៃនេះ អង្គសន្និបាតបានដំណើរការទៅយ៉ាងរលូន និងទទួលបានលទ្ធផលគួជាទីមោទនៈ។ អង្គសន្និបាតត្រូវបានសមាជិក សមាជិកា បានធ្វើបទអន្តរាគមន៍ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន និងពិភាក្សាជា៤ក្រុម ដើម្បីផ្តល់ធាតុចូលទៅលើរបាយការណ៍ ដែលមានប្រធានបទចំនួន៤ រួមមាន៖ ១-ការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ជូនដល់ប្រជាពលរដ្ឋ ២-ការលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព ក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ៣-ការដោះស្រាយទំនាស់ដីធ្លី និងវិវាទក្រៅតុលាការនៅមូលដ្ឋាន និង៤-បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ នូវរាល់បទអន្តរាគមន៍ក៏ដូចកិច្ចពិភាក្សា បានផ្តោតសំខាន់លទ្ធផលការងារលើបញ្ហាប្រឈម ដំណោះស្រាយ សំណូមពរជាគន្លឹះ ដើម្បីធានាមានប្រសិទ្ធិភាព បទពិសោធន៍ និងធាតុចូលរួមក្នុងការគ្រប់គ្រងដឹកនាំ និងអនុវត្តទិសដៅរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៤។ លោកបានលើកឡើងទៀតថា នៅចំពោះមុខរដ្ឋបាលខេត្ត បន្តការខិតខំពង្រឹងវិន័យ សីលធម៌ អភិវឌ្ឍន៍សមត្ថភាព រចនាសម្ព័ន្ធ និងប្រមូលផ្តុំទស្សនៈបញ្ញាញាណ ពុះពារជំនៈដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខុមាលភាព វិបុលសុខជូនប្រជាជនទូទាំងខេត្ត។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាត លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងថា ការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា មានសារៈសំខាន់ជាច្រើន ចំពោះមន្ត្រីរាជការ ក្នុងការលុបបំបាត់ភាពអសកម្ម អំពើពួករលួយ និងមានតម្លាភាព ពិសេសក្នុងជួរក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋាន និងរួមចំណែកយ៉ាងសកម្ម លើការងារកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយើង។ លោកបានថ្លែងទៀតថា ទន្ទឹមនឹងសមិទ្ធិផលដែលខេត្តពោធិ៍សាត់ ទទួលបានក្នុងឆ្នាំ២០២៣ក៏ដោយ ក៏នៅមានបញ្ហាប្រឈមត្រូវរួមគ្នា បន្តការខិតខំសម្របសម្រួលដោះស្រាយ និងសម្រេចឱ្យបាននូវទិសដៅ ជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព ដោយកំណត់អាទិភាព ជាគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យនោះ កត្តាសំខាន់ៗគឺ ខិតខំថែរក្សា ពង្រឹងសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ ជម្រុញ និងអនុវត្តកម្មវិធីកំណែទម្រង់នានា នៅចុងអាណត្តិរបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យប្រទេសយើងមានកំណើនសេដ្ឋកិច្ចខ្ពស់ សម្រាប់ជាមូលដ្ឋាន និងខិតខំប្រមូលផ្តុំ បង្កើនប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ ដោះស្រាយបញ្ហាប្រឈម សំណូមពរ សំណើ និងតម្រូវការចាំបាច់ដែលពាក់ព័ន្ធ ទៅនឹងជីវភាពប្រជាជន។ លោកបានដាក់ចេញទិសដៅសំខាន់ៗ សម្រាប់រដ្ឋបាលគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អំពីសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈលទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់ ថែរក្សាការពារធនធានធម្មជាតិ របៀបរបបការងារ និងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុងខណ្ឌអាណត្តិទី៤ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ការដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នៅក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានបំពាក់គ្រឿងឥស្សរយស ដល់មន្ត្រីរាជការ ដែលមានស្នាដៃចំណុះរដ្ឋបាលសាលាខេត្ត រួមមានគ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ថ្នាក់មហាសេនា ថ្នាក់ធិបឌិន្ទ ថ្នាក់សេនា ថ្នាក់អស្សឬទ្ធិ, ដោយឡែកមេដាយមាសការងារ មេដាយប្រាក់ការងារ និងមេដាយសំរិទ្ធិការងារ ត្រូវបានលោក ខូយ រីដា អភិបាលខេត្ត និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បំពាក់ជូនផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីបិទអង្គសន្និបាត ក៏បានអានសេចក្តីសម្រេចលេខ២០៥ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់តាំងសមាភាពក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ចំនួន១០៣រូប ដែលមានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាប្រធាន និងលោក ខូយ រីដា ជាអនុប្រធានអចិន្ត្រៃយ៍៕

No comments