អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងមមាញឹកក្នុងការជួយសង្គ្រោះស្រូវប្រាំង នៅស្រុកកំពង់លែង
អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងមមាញឹកក្នុងការជួយសង្គ្រោះស្រូវប្រាំង នៅស្រុកកំពង់លែង
(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅតែបន្តផ្តល់ថវិកា និងប្រេងម៉ាស៊ូតជាបន្តបន្ទាប់ជួយដល់ប្រជាកសិករនៅក្នុងស្រុកកំពង់លែង សម្រាប់ការស្ដារប្រឡាយ និងបូមទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ ដោយសារតែស្រុកមួយនេះស្រូវប្រាំងរបស់ប្រជាពលរដ្ឋរាប់រយហិកតាកំពុងត្រូវការទឹក និងម្យ៉ាងភូមិសាស្ត្រនៅទីនោះ កន្លែងមួយចំនួនពិបាកក្នុងការនាំទឹកឡើងយកមកប្រើប្រាស់ដើម្បីស្រោច ស្រពដំណាំស្រូវផងដែរ។
រយៈពេលប៉ុន្មានខែកន្លងមកនេះ លោក សាន់ យូ អ ភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកកំពង់លែង ត្រូវបានលោកអភិបាលខេត្តចាត់ឲ្យឈរជើងនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងជាប្រចាំ ដើម្បីដឹកនាំអាជ្ញាធរត្រៀមគ្រប់មធ្យោបាយក្នុងការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ចំណែកថវិកាប្រេងម៉ាស៊ូត និងសម្ភារៈផ្សេងៗ គឺរដ្ឋបាលខេត្តជាអ្នកឧបត្ថម្ភ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រេងម៉ាស៊ូតចំនួន១៥០លីត្រ និងថវិកា២លានរៀល ដែលជាការជួយឧបត្ថម្ភរបស់លោកអភិបាលខេត្ត ផ្ដល់ជូនប្រជាកសិករក្នុងឃុំពោធិ៍ ស្រុកកំពង់លែង តាមរយៈលោក សាន់ យូ អភិបាលរងខេត្ត សម្រាប់ប្រើប្រាស់ផ្សេងៗ ពិសេសសម្រាប់ជាមធ្យោបាយបូមទឹកសង្គោះស្រែប្រាំងលើផ្ទៃដីជិត៥០០ហិកតាបន្ថែមទៀត នៅចំណុចបឹងលាងជើង និងចំណុចបឹងខ្នាយរំាង ស្ថិតក្នុងឃុំពោធិ។
ទន្ទឹមនឹងនោះលោកអភិបាលរងខេត្ត ក៏បានដឹកនាំក្រុមការងារមានអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យការស្តារប្រឡាយមេមួយខ្សែ នៅក្នុងតំបន់២ ក្នុងឃុំត្រងិល និងស្វាយរំពារ ក្នុងស្រុកកំពង់លែង ជាភូមិសាស្ត្រថ្មីទៀត ដើម្បីនាំទឹកយកមកស្រោចស្រពសូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងចាប់ផ្ដើមក្រៀមស្វិតជាបន្តបន្ទាប់ ប្រឡាយមេមួយខ្សែនេះដែរ អាចនាំទឹកយកមកស្រោចស្របស្រូវប្រាំងប្រជាពលរដ្ឋបានរហូតរាប់ពាន់ហិកតា។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ដែលបានឈរជើងនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋគ្រប់ ពេលវេលា និងគ្រប់មូលដ្ឋាន ជាមួយលោកអភិបាលរងខេត្តខាងលើនេះដែរនោះ លោកបានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងមកនេះ ចាប់តាំងពីស្រូវប្រាំងរបស់ប្រជាពលរដ្ឋរងនូវការខ្វះខាតទឹកស្រោចស្រព ក្រុមការងាររដ្ឋបាលស្រុកកំពង់លែង និងអាជ្ញាធរមូលដ្ឋានដឹកនាំដោយរូបលោកផ្ទាល់ និងលោក សាន់ យូ បានអនុវត្តតាមការណែនាំរបស់លោកអភិបាលខេត្ត ដោយខិតខំរិះរកគ្រប់មធ្យោបាយដើម្បីនាំទឹកពីបឹង ទន្លេយកមកស្រោចស្រពដំណាំស្រូវប្រជាពលរដ្ឋដោយមិនទ្វេសប្រហែសនោះឡើយ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ទាំងការស្ដារប្រឡាយ និងការដាក់ម៉ាស៊ីនបូមទឹកទាំងយប់ទាំងថ្ងៃមកដល់ពេលនេះ ក្រុមការងារអាជ្ញាធរជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋបានរាប់រយហិកតារួច មកហើយ។ បច្ចុប្បន្នក្រុមការងារនៅតែបន្តយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការជួយសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋជាបន្តទៀត ដែលមកដល់ ពេលនេះការស្ដាប្រឡាយមេដើម្បីនាំទឹកយកមកស្រោចស្រព នៅចំណុចឃុំស្វាយរំពារ និងឃុំត្រងិលគឺសម្រេចបាន៩០ភាគរយហើយ៕
No comments