ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ដោយ :http://www.funan-postnewstvonline.com/

 សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា 

នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ។ សម្តេចធិបតី បានមានប្រសាសន៍ថា កម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោក កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ប្រែក្លាយប្រទេសជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតីបានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព។ ២០ឆ្នាំក្រោយមានសុខសន្តិភាព រាជរដ្ឋាភិបាលបានប្រឹងប្រែងប្រែក្លាយជីវភាពប្រជាពលរដ្ឋ ពីកម្រិតក្រីក្រ ទៅជាចំណូលមធ្យម និងពីមធ្យម ទៅចំណូលខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ជាការសោកស្តាយវិបត្តិជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ តែរាជរដ្ឋាភិបាលមិនអង្គុយកើតទុក្ខ ឬយំនោះទេ ហើយបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ។ ការជួយប្រជាពលរដ្ឋ គឺជាការជួយសេដ្ឋកិច្ចជាតិ។ សម្តេចបន្ថែមថា សេដ្ឋកិច្ចជាតិមិនអាចមានលំនឹងទេ បើសេដ្ឋកិច្ចប្រជាពលរដ្ឋគ្មានលំនឹង។

សម្តេចធិបតីបានបន្តថា កម្មវិធីគាំពារសង្គមមានប្រជាពលរដ្ឋប្រមាណ ៦លាន ៥សែន បានទទួលប្រយោជន៍ ហើយចំណាយខ្ទង់ ១០០លានដុល្លារក្នុងមួយឆ្នាំ។ប្រទេសមួយមានសេដ្ឋកិច្ចប្រកបដោយចីរភាព គឺបង្កើតវប្បធម៌ប្រជាពលរដ្ឋអាចចិញ្ចឹមខ្លួនឯង ប៉ុន្តែប្រទេសមួយ ក៏មានប្រជាពលរដ្ឋជួបអសមត្ថភាពក្នុងការចិញ្ចឹមខ្លួនឯង ដែលទាមទារឱ្យរាជរដ្ឋាភិបាលដាក់ចេញកិច្ចអន្តរាគមន៍។

សម្តេចធិបតីបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គមប៉ុណ្ណោះទេ រាជរដ្ឋាភិបាលក៏បានវិនិយោគច្រើនណាស់ទៅលើការអប់រំ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនីជាដើម។ កំណើនសេដ្ឋកិច្ច៧ភាគរយមុនពេលកូវីដ១៩ មិនមែនដោយសារតែនយោបាយគាំពារសង្គមនោះទេ តែជាសមិទ្ធផលកើតចេញពីគោលនយោបាយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តរក្សានយោបាយគាំពារសង្គម ហើយគោលនយោបាយរាជរដ្ឋាភិបាលមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌ និងវប្បធម៌ចែករំលែកនៅក្នុងសង្គមខ្មែរ។

សម្តេចបន្តថា គោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញត្រៀមថវិកាជិត ៤៥០លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ។ គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង។ នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្ដុំនៃកម្មវិធីជាតិ ជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និង អចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក និង សមាជិកគ្រួសារដែលជាជនរងគ្រោះ និង ជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គម ចំនួន ៤ បញ្ចូលគ្នា រួមមានៈ (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និង កុមារ អាយុក្រោម ២ ឆ្នាំ, (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និង មធ្យម សិក្សាចំណេះទូទៅ, (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និង (៤) កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមលើកម្មវិធីទាំង៤នេះថា, កញ្ចប់គ្រួសារក៏មាន ការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រ, និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគ អេដស៍-ជំងឺអេដស៍ដែលជាសមាជិកគ្រួសារក្រីក្រ ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងកញ្ចប់គ្រួសារ នឹងត្រូវចូលមកជំនួសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនឹងបិទបញ្ចប់ ដោយចាកចេញបន្តិចម្ដងៗចាប់ពីខែ មករា ដល់ ខែមីនា ឆ្នាំ ២០២៣ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែ មេសា ឆ្នាំ ២០២៤ តទៅ។

នៅក្នុងឱកាស នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នា នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា មួយចំនួនផងដែរ៕











No comments