អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទវគ្គធុតង្គ និងវិបស្សនាកម្មដ្ឋាននៅវត្តត្នោត នៅឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង
អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទវគ្គធុតង្គ និងវិបស្សនាកម្មដ្ឋាននៅវត្តត្នោត នៅឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបិទវគ្គធុតង្គ និងវិបស្សនាកម្មដ្ឋាន នៅវត្តពោធិ៍រតនារាម (ហៅវត្តត្នោត) ស្ថិតនៅក្នុងឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមចំនួន ៣០០អង្គ-នាក់។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានការធ្វើធុតង្គ និងវិបស្សនាកម្មដ្ឋាននេះគឺក្នុងគោលបំណងសិក្សាអប់រំចិត្តឱ្យស្ងប់ប្រាស់ចាកនូវនីវរណធម៌ និងកិលេសទាំងពួងតាមមាគ៌ានៃព្រះពុទ្ធសាសនា បរមគ្រូនៃយើង និងជួយលើកកម្ពស់សីលធម៌សង្គមជាតិទាំងមូលប្រកបដោយសុខសន្តិភាព។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏សូមថ្លែងអំណរគុណចំពោះព្រះតេជគុណ សាន ភារ៉េត ដែលបានរៀបចំកម្មវិធីនេះឡើងដោយមានការចូលរួមពីព្រះគ្រូធុតង្គវង្សា សួន សុខសាន្ត តំណាងឱ្យព្រះតេជគុណ ហ៊ឹម ប៊ុនធឿន ព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណដល់លោកយាយ លោកតា លោកគ្រូធម្មបាល ដែលបានចំណាយពេលវេលាចូលរួម ជាគ្រូវិបស្សនាជូនដល់សិក្ខាកាមទាំងអស់ និងព្រមទាំងអាជ្ញាធរ មូលដ្ឋានបងប្អូនប្រជាពលរដ្ឋនៅទីនេះដែលបានរួមចំណែកក្នុងការថែរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ។
បើតាមរបាយការណ៍លោកអភិបាលស្រុក និងតាមរយៈព្រះតេជគុណព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ព្រះប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ និងព្រះតេជគុណ ព្រះវិជ្ជាកោវិទ សាន ភារ៉េត បានរៀបចំនូវកម្មវិធីបដិបត្តិធុតង្គ និងសមាធិកម្មដ្ឋាន នៅក្នុងខេត្តព្រៃវែងនេះបានចំនួន ៦លើកហើយ ទាំងលើកនេះដោយមានការចូលរួមពីព្រះសង្ឃ លោក លោកស្រី លោកតា លោកយាយ ជាពុទ្ធបរិស័ទ្ធសរុបចំនួន ១,៧៤៨អង្គ-នាក់ ដែលបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋខ្មែររបស់យើងតែង តែរក្សាបាននូវទំនៀមទំលាប់ល្អក្នុងការគោរពប្រតិបត្តិទៅដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
នៅក្នុងឱកាសនោះ ព្រះអង្គម្ចាស់គ្រូព្រះវិជ្ជាកោវិទ សាន ភារ៉េត ព្រះរាជាគណៈថ្នាក់កិត្តិយស បានមានសង្ឃដីកាថាការធ្វើធុតង្គ និងវិបស្សនាកម្មដ្ឋាន នេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អប់រំផ្លូវចិត្តមនុស្សធ្វើតែអំពើល្អ ជៀសឆ្ងាយអំពី អំពើអបាយមុខទាំងពួង នៅដើម្បីជៀសវាង ការបៀតបៀនគ្នា ដែលបង្កភាពចលាចល អសន្តិសុខក្នុងសង្គមជាដើម៕
No comments