រយៈពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរដើរលេងកម្សាន្តជាង ១លាន២សែននាក់
ក្នុងរយៈពេល៤ថ្ងៃ នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តប្រមាណជាង១លាន២សែននាក់។
យោងតាមរបាយការណ៍ របស់លោកធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា សម្រាប់រយៈពេល ០៤ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ១,២៣៩,៨០៨ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ១៦,៨០៨ នាក់ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ១,២២៣,០០០ នាក់។
របាយការណ៍ដដែលឲ្យដឹងបន្ថែមថា សម្រាប់ថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយនៃពិធីសៀមរាបសង្ក្រាន្តនោះ ខេត្តទេសចរណ៍មួយនេះទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ២៨៣,៨១៧ នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរបរទេសមានចំនួន ៣,៨១៧ នាក់ និងភ្ញៀវទេសចរជាតិមានចំនួន ប្រមាណ ២៨០,០០០ នាក់ ។
សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីជាច្រើន រួមមានពិធីសាសនា កម្មវិធីតាំងបង្ហាញវត្ថុសិល្បៈនានា និងកម្មវិធីកម្សាន្តជាច្រើនផងដែរ៕
No comments