រមណីយដ្ឋានជាច្រើននៅក្នុងខេត្តកំពង់ចាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងឱកាសនៃពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ:ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ រមណីយដ្ឋានជាច្រើននៅក្នុងខេត្តកំពង់ចាម បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានតុបតែងលម្អភ្លើងចម្រុះពណ៌ ពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីការពារសុខសុវត្ថិភាព ដើម្បីបង្កភាពសប្បាយរីករាយ និងទាក់ទាញភ្ញៀវទេសចរ ឱ្យមកលេងកម្សាន្តឱ្យបានច្រើនកុះករជាងឆ្នាំមុនៗ ។
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា អនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងនាមស្ថាប័នជំនាញ មន្ត្រីនៃមន្ទីរទេសចរណ៍បានធ្វើការផ្សព្វផ្សាយ សេចក្តីណែនាំ ដល់ម្ចាស់សេវាកម្មស្នាក់នៅ ទេសចរណ៍ សេវាកម្មម្ហូបអាហារ សេវាមណ្ឌលកម្សាន្ត មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ សេវារមណីយ ដ្ឋានទេសចរណ៍ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ឱ្យចូលរួមបំរើសេវាកម្មជូនភ្ញៀវឱ្យបានល្អ ស្មោះត្រង់ និងតម្លៃសមរម្យ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ។លោក បានបន្តថា នៅតាមរមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋានកែច្នៃទាំងអស់នៅទូទាំងខេត្តកំពង់ចាម គឺមានការរៀបចំ តុបតែងលម្អយ៉ាងស្រស់ស្អាត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ។
« គោលដៅសម្រាប់ភ្ញៀវទេសចរដើរលេងកម្សាន្តនៅក្នុងខេត្តកំពង់ចាម មានរហូតដល់១១កន្លែង ដែលនៅក្នុងនោះនៅក្នុងក្រុងកំពង់ចាម មានរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ដែលជារមណីយដ្ឋានមួយបែបធម្មជាតិ រមណីយដ្ឋានភ្នំហាន់ជ័យ ភ្នំប្រុសភ្នំស្រី រមណីយដ្ឋាន ទឹកឆា ជាដើម» ។ លោកប្រធានមន្ទីរ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសភ្ញៀវទេសចរជាតិនិងអន្តរជាតិ អញ្ជើញមកទស្សនានិងលេងកម្សាន្តសប្បាយ នៅក្នុងខេត្តកំពង់ចាមឱ្យបានច្រើនកុះករ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូលព.ស ២៥៦៨ ។
« ខ្ញុំសូមអំពាវនាវដល់ ក៏ដូចជាជម្រាបជូនចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណង មកទស្សនាកម្សាន្តនៅក្នុងខេត្តកំពង់ចាម គឺខេត្តកំពង់ចាមបានរៀបចំកន្លែងសម្រាប់រៀបចំសង្ក្រាន្តនៅមុខសាលាខេត្ត ក្នុងក្រុងកំពង់ចាម ក៏ដូចជាតាមបណ្ដាស្រុក ក្រុងនៅទូទាំងខេត្ត ដោយមានរៀបចំជាសង្ក្រាន្តនៅតាមបណ្ដាស្រុករៀងៗខ្លួន ដូច្នេះសម្រាប់នៅក្នុងខេត្តគឺមានកន្លែងទស្សនាកម្សាន្តច្រើន ក្នុងនោះដែរយើងក៏បានរៀបចំនូវសន្តិសុខ សុវត្ថិភាពតាមគោលដៅ ហើយគោលដៅនីមួយៗគឺមានសុខសុវត្ថិភាពល្អ » ។
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤នេះ មានរយៈពេល ៤ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៣ ១៤ ១៥ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ របាំជូនពរ គោះអង្រែ របាំគោះត្រឡោក ចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ និងវាយក្អម ការបាញ់ទឹករាំលេងកំសាន្ត រួមជាមួយនឹងកម្មវិធីប្រគំតន្ត្រី និងកម្មវិធីកំសាន្តសប្បាយផ្សេងៗទៀត ដើម្បីបង្កលក្ខណៈសប្បាយរីករាយទៅដល់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ៕
No comments