ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំសមាជិកបក្សជិត ២,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តក្រចេះ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំសមាជិកបក្សជិត ២,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តក្រចេះ
(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ និង ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំសមាជិក សមាជិកាបក្សជិត ២,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅខេត្តក្រចេះ។
យុទ្ធនាការដែលមានការជួបជុំ និងការដង្ហែក្បួននៅក្នុងក្រុងស្រុកទាំង ៧របស់ខេត្តក្រចេះ។
គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះដែលតាមរបាយការណ៍របស់ ឯកឧត្តម វ៉ា ថន មានបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តទាំងពេញសិទ្ធិ និងបម្រុងចំនួន៤២ រូប និងក្រុមប្រឹក្សាក្រុង ស្រុកទាំងពេញសិទ្ធិ និងបម្រុងសរុបចំនួន ២៤២រូប។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាយុទ្ធនាការឃោសនាបោះឆ្នោតនេះ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតដែលព្រះរាជាណាចក្រកម្ពុជា បានបើកទំព័រឡើងក្នុងដំណើរការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែប្រសើរថ្លៃថ្លាបន្ថែមទៀត តាមរយៈការ បើកយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ដ៏ខ្លីខាងមុខនេះ។ ខេត្តក្រចេះបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយការជួបជុំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដ៏ច្រើនកុះករនៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះជាការបង្ហាញពីភាពរឹងមាំ និងចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
ឯកឧត្តមប្រធានបានថ្លែងថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាបានរស់ឡើងវិញក្រោមដំបូលនៃសុខសន្តិភាព។ សន្តិភាពពេញលេញដែលចេញមកពីការយកជីវិតធ្វើជាដើមទុន លះបង់គ្រប់បែបយ៉ាង របស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងការសង្គ្រោះជាតិកម្ពុជាចេញពីរបបខ្មែរក្រហម ប៉ុល ពត, ខិតខំប្រឹងប្រែងស្តារ និងកសាងជាតិឡើងវិញពីបាតដៃទទេ និងការអនុវត្តនយោបាយឈ្នះឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន «បិតាសន្តិភាពកម្ពុជា» មគ្គុទ្ទេសក៏ឯកនៃនយោបាយឈ្នះឈ្នះ ដើម្បីរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ មានឯកភាពជាតិ ឯកភាពទឹកដីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយ របស់កម្ពុជា។
កម្ពុជាដែលពេលនេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច និងសង្គមកិច្ច មានកិត្យានុភាពជាតិ និងពលរដ្ឋរស់ក្នុងភាពសុខសាន្តក្រោមដំបូលនៃសន្តិភាពដែលរកបានដោយពិបាកនេះ។ ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ទាំងអតីតកាល បច្ចុប្បន្ន និងទៅអនាគត, គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់ដែលបានដឹកនាំការប្រយុទ្ធ ផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញ និងគ្មានគណបក្សណាមួយអាចមកជំនួស តួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបានឡើយ។ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជន ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ជ័យជម្នះ ៧មករា បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ដែលនៅរង់ចាំតែសេចក្តីស្លាប់បានទាន់ពេលវេលា, បានធ្វើឱ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈ របស់ប្រជាជាតិខ្មែរ ដែលបានកសាងឡើងក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ខ្លួនបានរស់ឡើងវិញ, បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម បាននាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំង ស្រុងក្នុងរបបប៉ុល ពត ក្លាយជាអ្នកធ្វើម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ ហើយបានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ការសប្បាយរីករាយរបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យ ជម្នះ ៧ មករា បើគ្មានជ័យជម្នះ៧មករា គឺពិតជាមិនអាចមាន អ្វីៗដូចសព្វថ្ងៃនេះឡើយ។
ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា រយៈពេល ៤៥ឆ្នាំមកនេះ ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា, នៅលើកំណាត់ផ្លូវដ៏បត់បែន លំបាកស្មុគស្មាញ និងតស៊ូប្តូរផ្តាច់ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឱ្យឈានទៅមុខជាជំហានៗជម្នះរាល់ឧបសគ្គ បង្កើតបានសមិទ្ធផលធំៗជា ប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ។ រាល់ការប៉ុនប៉ងរបស់បណ្តាមជ្ឈដ្ឋានអគតិដែលចង់នាំ កម្ពុជាឱ្យវិលទៅរកអស្ថិរភាព និងសង្គ្រាមវិញសុទ្ធតែត្រូវបានបរាជ័យ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ជ័យជម្នះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតនាពេលកន្លងទៅ ដោយសារតែអំពើល្អរបស់មន្ត្រីបក្ស មានថ្នាក់ដឹកនាំបក្សដែលពោរពេញដោយទេពកោសល្យ និងគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយការទទួលខុសត្រូវ នៅជាប់នឹងប្រជាជន និងគណបក្សមានគោលនយោបាយដ៏ត្រឹមត្រូវ ជាក់ស្តែងនិយម និងឆ្លើយតបនឹងតម្រូវការ និងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។
«ខ្ញុំសូមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅក្នុងខេត្តក្រចេះ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តក្រចេះ»។ នេះជាថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា នៅចំពោះមុខសមាជិកសមាជិកគណបក្សនៅទីស្នាក់ការគណបក្សខេត្តក្រចេះ៕
No comments