ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញពិនិត្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ដោយ :http://www.funan-postnewstvonline.com/


 

ដំណើរអញ្ជើញពិនិត្យដំណើរការផ្លូវល្បឿនលឿននេះ មានការអមដំណើរដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ, មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគ និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុផងដែរ។

ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានដាក់ឱ្យធ្វើចរាចរណ៍សាកល្បងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេលជាង៣ឆ្នាំ។

ការដាក់ឱ្យដំណើរការសាកល្បងនេះ ក្រុមហ៊ុនផ្តល់ការធ្វើដំណើរឆ្លងកាត់រយៈពេលមួយខែដោយមិនគិតថ្លៃនោះឡើយ ដើម្បីជាចំណងដៃដល់ពលរដ្ឋកម្ពុជា។ វត្តមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលសាងសង់ឡើងយ៉ាងផ្ចិតផ្ចង់តាមបទដ្ឋានបច្ចេកនានានោះ បាននាំមកនូវភាពរីករាយ ងាយស្រួល និងធ្វើដំណើរបានកាន់តែឆាប់រហ័ស។

បន្ទាប់ពីដាក់ឱ្យដំណើរការមានរថយន្តជាច្រើនគ្រឿងបានធ្វើចរាចរណ៍នៅលើផ្លូវមួយខ្សែនេះ។ ប្រជាពលរដ្ឋដែលបានធ្វើដំណើរលើផ្លូវល្បឿនលឿនសុទ្ធតែបានបង្ហាញ និងសម្តែងនូវអារម្មណ៍ពេញចិត្ត និងរីករាយជាមួយបទពិសោធន៍ថ្មីចំពោះការបានប្រើប្រាស់ផ្លូវល្បឿនលឿននេះ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧.០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេក​ទេស​ដោយក្រុមហ៊ុន MINCONSULT SDN. BHD.ដោយចំណាយថវិកាជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក មានគន្លងផ្លូវ​​ចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០កន្លែង ស្ពានតូចចំនួន ៥កន្លែង។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

ផ្លូវល្បឿនលឿននេះ ត្រូវបានបែងចែកជា ៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖

* គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។

* គន្លងផ្លូវសម្រាប់ជែង៖ ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លង ផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ។

ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីយានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

* គន្លងផ្លូវសម្រាប់ឈប់បន្ទាន៖ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្ត សង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន។

ផ្លូវល្បឿនលឿន​នេះ​ បានការកំណត់ល្បឿនបើកបរទៅតាមប្រភេទរថយន្តចន្លោះពី៦០គីឡូម៉ែត្រ ដល់១២០គីឡូម៉ែត្រ។ ​
* រថយន្តគ្រួសារ/ធុនស្រាល៖ ល្បឿនទាបបំផុត(អប្បបរមា) ៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងលឿនបំផុត(អតិបរមា) ១២០គីឡូម៉ែទ្រក្នុងមួយម៉ោង។

* រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kW៖ ល្បឿនទាបបំផុត ៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងលឿនបំផុត ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

* រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត៖ ល្បឿនទាបំផុត ៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងលឿនបំផុត ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

គ្រុបប្រភេទរថយន្តទាំងអស់ ក្នុងករណីផ្លូវកោងច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

ផ្លូវល្បឿនលឿន​មានច្រកចេញ-ចូល ទាំងអស់ចំនួន៨ទីតាំងរួមមានដូចជា៖​ ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រលេខ៣​,​ ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រលេខ២៦,​ ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រលេខ៤៣,​ ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រលេខ៧៦,​ ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រលេខ១១៤,​ ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រលេខ១៣៥,​ ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រលេខ១៧២​ និងច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រលេខ១៨២៕

No comments