ក្រសួងការងារ និងភាគីសហជីព បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៧
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៧ ដើម្បីធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ច និងលក្ខណវិនិច្ឆ័យសម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ខាងមុខ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងមានការអញ្ជើញចូលរួមពីត្រីភាគី រួមមាន៖ ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ១៧រូប ភាគីនិយោជក ១៧រូប និងភាគីរដ្ឋាភិបាល ១៧រូប។
សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនៅថ្ងៃនេះ នឹងពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី។ បន្ទាប់មកនឹងចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគីបន្តទៀត។
កិច្ចប្រជុំនេះ គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។
គិតត្រឹមឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង មានចំនួន ២០០ដុល្លារអាមេរិក ក្នុងមួយខែ៕
No comments