ស្ថាប័នជំនាញលើវិស័យបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា ទទួលការបណ្តុះបណ្តាលបច្ចេកវិទ្យាបរមាណូ សម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌
ភ្នំពេញ៖ ស្ថាប័នជំនាញលើវិស័យបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលឧបករណ៍ Leica Scan Station P40 / P30 3D Laser និងការបណ្តុះបណ្តាលបច្ចេកវិទ្យាបរមាណូ សម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌។
លោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា តាមរយៈព័ត៌មាន នាថ្ងៃនេះថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារ និងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល៤ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ ដែលមានរូបលោក ជាមន្រ្តីអនុវត្តគម្រោង។
គម្រោងនេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលមន្ត្រី ឱ្យមានលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបរមាណូសម្រាប់ការអភិរក្សគាំពារសម្បត្តិវប្បធម៌ តាមរយៈការបញ្ជូនទៅទទួលបណ្តុះបណ្តាលនិងទស្សនកិច្ចសិក្សារយៈពេលខ្លីនៅក្រៅប្រទេស ជាពិសេសទទួលបានឧបករណ៍មួយចំនួនសម្រាប់ប្រើក្នុងការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។
ក្នុងនោះមន្រី្តយើងចំនួន០២រូប នឹងត្រូវទៅបណ្តុះបណ្តាលនៅប្រទេសប៉ូឡូញ(Poland) រយៈពេល១ខែ ក្នុងកិច្ចការងារអភិរក្ស និងជួសជុលគំនូរ ហើយនិងវត្ថុដែលផលិតពីក្រណាត់ និងមន្រី្តចំនួន២រូបទៀត ត្រូវទៅបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក(USA) រយៈពេល៣ខែ ក្នុងការងារវិភាគ និងពិសោធន៍វត្ថុសិល្បៈ និងមន្រី្តចំនួន២រូបទៀត និងត្រូវទៅទស្សនកិច្ចរយៈពេលខ្លី នៅប្រទេសបារាំង(France) រយៈពេល១សប្តាហ៍។ ចំពោះឧបករណ៍វិញ យើងបានស្នើសុំទៅទីភ្នាក់ងារថាមពលបរម៉ាណូអន្តរជាតិ(IAEA) ទន្ទឹមនឹងនោះភាគីខាង IAEA ក៏បានផ្តល់ជូនយើងផងដែរ។ ឧបករណ៍ទាំងនោះទៀតសោតភាគច្រើន ដែលយើងស្នើសុំ គឺទាក់ទង និងការជួសជុល អភិរក្សវត្ថុសិល្បៈ ក្នុងនោះមានម៉ាស៊ីនម៉ាយក្រូស្កុប(Microscope) ម៉ាស៊ីនលាយកាវ ម៉ាស៊ីនដកជាតិអំបិល និងម៉ាស៊ីនវាស់PH ព្រមទាំងម៉ាស៊ីនមួយចំនួនទៀត ដែលទីភ្នាក់ងារថាមពលបរម៉ាណូអន្តរជាតិ បានផ្តល់ឲ្យនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា។
លោក ឡេង វិទូ បានបញ្ជាក់ទៀតថា នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បានទទួលឧបករណ៍ Leica Scan Station P40 / P30 3D Laser ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) និងមានមន្រ្តីចំនួន៦រូប ទទួលបានការបណ្ដុះបណ្ដាលនៃការប្រើប្រាស់ឧបករណ៍នេះ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica។ ការបណ្តុះបណ្តាល នេះមានរយ:ពេល១ថ្ងៃពេញ ដោយបានធ្វើការណែនាំ អនុវត្តន៍ការប្រើប្រាស់នៅទីតាំងសារមន្ទីរជាតិផ្ទាល់ និងធ្វើការបម្លែង កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:៕អត្ថបទ រដ្ឋា
No comments